ខ្សែការពារ Aaron Wan-Bissaka មិនបោះបង់ឱកាសក្នុងការនៅបន្ដជាមួយ Manchester United នោះទេ ហើយគេចង់បង្ហាញអ្នកចាត់ការ Erik ten Hag ថាគេអាចមានអនាគតនៅ Old Trafford នៅរដូវកាលថ្មីខាងមុខ។
អតីតសមាជិករបស់ Crystal Palace រូបនេះ ពិបាកទទួលបានឱកាសចូលលេងនៅចុងរដូវកាលមុន ដោយសារអ្នកចាត់ការស្ដីទី Ralf Rangnick ទុកចិត្តលើ Diogo Dalot ជាង។
ប៉ុន្ដែខ្សែការពាររូបនេះ មិនបោះបង់នោះទេ ហើយព្យាយាមហ្វឹកហាត់បន្ថែមជាច្រើនម៉ោង អំឡុងពេលវិស្សមកាលរដូវក្ដៅនេះ ដើម្បីរក្សាកាយសម្បទា ត្រៀមសម្រាប់ការប្រកួតឱ្យក្រុមលោក Ten Hag។
អ្នកចាត់ការជនជាតិហូឡង់ ពេញចិត្តចំពោះអត្តចរិតរបស់ Wan-Bissaka ហើយលោកទំនងជាផ្ដល់ឱកាសឱ្យខ្សែការពារស្លាបស្ដាំរូបនេះ បង្ហាញសមត្ថភាពរបស់ខ្លួននៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល មុនពិចារណាពីអនាគតរបស់គេនៅ Old Trafford៕