ធឿន ធារ៉ា ចាយពេលមួយចម្អិនកំពិសផ្ដួល៣នាក់ លើកពានកណ្ដាប់ដៃមាស

Sophana Pen
64 មើល
0 នាទីអាន


ផ្ទុយស្រលះពីការបារម្ភលើបញ្ហាកម្លាំងស៊ុះ ក្នុងការវ៉ៃ១ទល់៣នាក់ជាលើកដំបូងក្នុងអាជីព កាលពីចុងសប្ដាហ៍មុន ធឿន ធារ៉ា បានចំណាយពេលមិនដល់៣នាទីផង ដើម្បីផ្ដួលផុយៗលើ ដៃគូបន្តបន្ទាប់ទាំង៣នាក់ ដើម្បីក្លាយខ្លួនជាកីឡាករលេចធ្លោរក្នុង ទទួលការវាយតទល់ ពហុគូប្រកួត ដោយទទួលបានពានរង្វាន់កណ្ដាប់ដៃមាស អមដោយប្រាក់រង្វាន់ ៤លានរៀលបន្ថែម លើតម្លៃខ្លួន។

កូនសិស្សលោក អេភូថង បានបើកយុទ្ធនាការ ដោយការទទួលកីឡាករមិត្តរួមជាតិ ធី តុងហ៊ី ដែលជាដៃគូដំបូងក្នុងការប្រកួតមួយនេះ និងបានចំណាយពេលស្ទើរមិនដល់ ៣០វិនាទីផង ម៉ាត់ទៅលើពោះទឹកបណ្ដាលឲ្យ ធី តុងហ៊ី សន្លប់។ សមាសភាពបន្ទាប់ដែលចូលទៅវាយត គឹជាកីឡាករថៃ ដែលត្រូវបានគេមើលឃើញថា ហាក់បីដូចជាគ្មានអ្វី រឺក៏ផ្លែណាមួយជាបន្លាក្នុងកែវភ្នែករបស់ អ្នកលេងកែងពូថៅ បន្តិចនោះឡើយ។ ធារ៉ា ដោយមិនទាន់ទទួលការវាយដោយអាវុធណាមួយឲ្យឈឺសាច់មួយដៃផងដែរ ក៏អាចម៉ាត់ផ្ដួលកីឡាករថៃឲ្យដេកទៅលើក្ដាតាពី ម្នាក់ទៀត មុនពេលដែលប្រើពេលមួយចម្អិនកម្ពិសប៉ុណ្ណោះ បន្តបំបាក់កីឡាករម៉ារ៉ុក ដែលជាបេក្ខជនចុងក្រោយឲ្យវាសនា មិនខុសពីសហដៃគូររបស់គេនោះឡើយ ទាំងដែលមិនទាន់បានវាយត្រូវធឿន ធារ៉ា មួយដៃសោះ។

ធឿន ធារ៉ា គឺជើងខ្លាំងទី៣ហើយ ដែលត្រូវបានជ្រើសរើសទៅវាយក្នុងក្របខណ្ឌ ១ទល់៣ ពោលគឺបន្ទាប់ពី ព្រំ សំណាង ពេជ្រសម្បត្តិ និង ម៉ឺន មេឃា ដែលបានឆ្លងកាត់បទពិសោធន៍នៃការប្រកួតនេះរួចមកហើយ៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។