អ្នកចាត់ការ Liverpool លោក Jurgen Klopp ចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើ Luka Sucic របស់ក្លិប RB Salzburg។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយអូទ្រីស Salzburger Nachrichten។
ដំណឹងផ្ទេរ Sucic នេះកើតមានចំពេលដែលហង្សក្រហម Liverpool កំពុងមានវិបត្តិខ្សែបម្រើកណ្ដាល។ ខ្សែបម្រេីឆ្នើម Thiago Alcantara បានរងរបួស ក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Fullham ហើយត្រូវបានគេរំពឹងថា ត្រូវអវត្តមានយ៉ាងតិច៤សប្ដាហ៍ ខណៈ Curtis Jones និង Alex Oxlade-Chamberlain អវត្តមានដោយសារបញ្ហារបួសតាំងពីការប្រកួតត្រៀមបើករដូវកាលមកម្លេះ។
Sucic មិនមែនជាកីឡាករដំបូងរបស់ក្រុម Salzburg ដែល Liverpool មានទំនាក់ទំនងឡើយ។ ជាក់ស្ដែង ក្លិបហង្សក្រហមធ្លាប់នាំយកអតីតកីឡាកររបស់ក្លិបអូទ្រីសមួយនេះដូចជា Takumi Minamino, Sadio Mane ដែលចេញពី RB Salzburg មក Southampton រួចមក Liverpool, ព្រមទាំង Naby Keita ដែលបានលេងនៅ Salzburg មុនពេល Liverpool ទិញពី RB Leipzig។
Sucic ១៩ ឆ្នាំ រកបាន៨គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៤ គ្រាប់ ក្នុងការបង្ហាញខ្លូន ២៨ ប្រកួតក្នុងលីគកំពូលអូទ្រីសរដូវកាលមុន។ គេក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម៤គ្រាប់ក្នុងការលេងឱ្យជម្រើសជាតិក្រូអាតកន្លងទៅ។
Sucic មានជំនាញក្នុងការប្រើប្រាស់ជើងឆ្វេងយ៉ាងអស្ចារ្យ ក្នុងការរកគ្រាប់បាល់មុខប្រអប់គ្រោះថ្នាក់ ធ្វើឱ្យគ្រាប់បាល់របស់គេគួរជាទីចាប់អារម្មណ៍។
ក្នុងនោះដែរមិនមែន មានតែក្លិប Liverpool ទេចាប់អារម្មណ៍ក្នុងការនាំយករូបគេ ។ AC Milan និង Juventus ក៏កំពុងតាមដានរូបគេផងដែរ។
គួររំឭកថា ហង្សក្រហម Liverpool ក្នុងរដូវកាលនេះ បាននាំចូលកីឡាករចំណូលថ្មីចំនួន ៣រូប រួមមានកីឡាករ Fabio Carvalho, កីឡាករ Calvin Ramsay និង ខ្សែប្រយុទ្ធ Darwin Nunez ហើយ Liverpool បច្ចុប្បន្ន កំពុងតែស្វែងរកកីឡាករវ័យក្មេងសម្រាប់ជំនួសតំណែងកីឡាករកំពុងមានវ័យលើស ៣០ឆ្នាំមួយចំនួននៅក្នុងក្លិប។ ក្នុងនោះមាន James Milner, Thiago និង Jordan Henderson សុទ្ធសឹងតែមានវ័យលើស៣០ ឆ្នាំ បូករួមទាំងខ្សែបម្រើ Fabinho ផងដែរ ។
ទោះយ៉ាងណា លោក Jurgen Kloop បានរក្សាជំហរអត់ធ្មត់ក្នុងការនាំយកខ្សែបម្រើវ័យក្មេងខាងលើដោយនិយាយថា៖
” គេជាកីឡាករល្អ និង បើសិនជាមានឱកាសយើងធ្វើវាបាន យើងគួរតែសម្រេច ប៉ុន្តែខ្ញុំមិនឃើញអ្វីនៅឡើយទេ យើងបានពិភាក្សាគ្នាច្រើនរួចមកហើយ ហើយវាហាក់ដូចជាមិនមានអ្វីកើតឡើងនោះទេ”។
” ខ្ញុំសប្បាយចិត្តជាមួយស្មាតី និងគុណភាពនៃការលេងរបស់ក្រុមខ្ញុំ ប៉ុន្តែយើងមានបញ្ហារបួស។ យើងមានដំណោះស្រាយ ក្នុងនោះមានមួយគឺទីផ្សារដោះដូរកីឡាករ វានឹងមានផលល្អ បើសិនយើងនាំយកកីឡាករមកបានត្រឹមត្រូវ។
“ដំណោះស្រាយមួយផ្សែងទៀតគឺកីឡាករទាំងអស់នៅក្នុងក្រុម។ យើងមានកីឡាកររបួសច្រើនពេក វាច្បាស់ណាស់។
Naby នឹងត្រឡប់មកវិញនៅថ្ងៃចន្ទ ហើយ Kostas នឹងមកហ្វឹកហាត់ជាលើកដំបូងនៅថ្ងៃនេះ ដូចច្នេះគាត់អាចត្រលប់មកវិញផងដែរ៕