Skip to content
ទោះឈ្នះ៥លើក ៦ឆ្នាំចុងក្រោយប៉ុន្ដែ Man City មិនមែនជាក្រុមជោគជ័យបំផុតនៅ League Cup ទេ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទោះឈ្នះ៥លើក ៦ឆ្នាំចុងក្រោយប៉ុន្ដែ Man City មិនមែនជាក្រុមជោគជ័យបំផុតនៅ League Cup ទេ

EFL League Cup (បច្ចុប្បន្នត្រូវបានប្ដូរឈ្មោះទៅ Carabao Cup) ជាពានរង្វាន់ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦០ ដែលរៀបចំឡើងដោយ លីគបាល់ទាត់អង់គ្លេស(English Football League) ជាទូទៅលេងនៅពាក់កណ្ដាលសប្ដាហ៍។

ក្រុមដែលគ្រងតំណែងជាជើងឯក League Cup មុនគេគឺ Aston Villa ដែលបានយកឈ្នះ Rotherham United នៅវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតពីរជើង ក្នុងទឹកដី និង ក្រៅទឹកដី នៅក្នុងខែសីហា និង កញ្ញាឆ្នាំ ១៩៦១។

ក្រុមមេឃខៀវ Manchester City កាន់ពានរង្វាន់រង្វាន់នេះ៣លើកចុងក្រោយ នៅរដូវកាល ២០១៧-១៨, ២០១៨-១៩ និង ២០១៩-២០។ ហើយបច្ចុប្បន្នពួកគេបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបប្រកួតទល់នឹង Manchester United នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

បើគិតមកទល់បច្ចុប្បន្ន Man City ឈ្នះពាន League Cup ៧លើកមកហើយ ប៉ុន្ដែពួកគេមិនមែនជាក្រុមដែលជោគជ័យបំផុតនៅក្នុងការប្រកួតពានរង្វាន់ដែលរៀបចំឡើងដោយ EFL(English Football League) នោះទេ។

ខាងក្រោមនេះជាក្រុមទាំង៥ដែលជោគជ័យបំផុតនៅ League Cup របស់អង់គ្លេស៖

៥. Chelsea (ឈ្នះ៥លើក និង រងជើងឯក៣លើក)

ក្រុមតោខៀវឈ្នះ League Cup លើកដំបូងនៅរដូវកាល ១៩៦៤-៦៥ ហើយគ្រងតំណែងជាជើងឯកលើកទី២នៅរដូវកាល ១៩៩៧-៩៨។

លោក Roman Abramovich បានកាន់កាប់តំណែងជាម្ចាស់ក្លិប Chelsea នៅឆ្នាំ ២០០៣ ហើយ League Cup ជាពានដំបូងដែលពួកគេឈ្នះ នៅរដូវកាល ២០០៤-០៥ ក្រុមការត្រួតត្រារបស់សេដ្ឋីរុស្ស៊ីរូបនេះ មុនពេលឈ្នះពាននេះពីលើកទៀតនៅរដូវកាល ២០០៦-០៧ និង ២០១៤-១៥។

សម្រាប់ការឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup ៨លើក Chelsea បរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ៣ដងគឺនៅរដូវកាល ១៩៧១-៧២, ២០០៧-០៨ និង ២០១៨-១៩។

៤. Manchester United (ឈ្នះ៥លើក និង រងជើងឯក៤លើក)

បន្ទាប់ពីបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រពីរលើកនៅឆ្នាំ ១៩៨៣ និង និង ១៩៩១ ក្រុមបិសាចក្រហមបានឈ្នះពាន League Cup ជាលើកដំបូងនៅរដូវកាល ១៩៩១-៩២ ពោលគឺ៣១ឆ្នាំក្រោយពេលពាននេះត្រូវបានបង្កើតឡើង។

Man United បានបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រសារជាថ្មីនៅឆ្នាំ ១៩៩៤ ដែលធ្វើឱ្យពួកគេខកខានឱកាសឈ្នះ Treble(ពានបីក្នុងមួយរដូវកាល) នៅក្នុងស្រុក ហើយបរាជ័យម្ដងទៀត នៅឆ្នាំ២០០៣ ក្រោមថ្វីជើង Liverpool។

Man United ដែលកាលនោះត្រូវបានដឹកនាំដោយលោក Sir Alex Ferguson បានឈ្នះពាននេះជាលើកទី២ នៅរដូវកាល ២០០៥-០៦ ក្រោយយកឈ្នះ Wigan Athletic ៤-០ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយបន្ដគ្រងតំណែងជើងឯក ២លើកបន្ថែមទៀត នៅឆ្នាំ ២០០៩ និង ២០១០ ដោយបានយកឈ្នះ Tottenham Hotspur និង Aston Villa។

ហើយពាន League Cup ដែលពួកគេឈ្នះចុងក្រោយបំផុតគឺនៅរដូវកាល ២០១៦-១៧ ក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយបានយកឈ្នះ Southampton ៣-២ យ៉ាងប្រកៀកប្រកិត។

៣. Aston Villa (ឈ្នះ៥លើក និង រងជើងឯក៤លើក)

Aston Villa ជាក្រុមដែលក្លាយជាជើងឯក League Cup ដំបូងបំផុត ពេលដែលពានមួយនេះបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយពួកគេបានយកឈ្នះ Rothernham United ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលលេងពីរជើង។

ពួកគេបន្ដឈ្នះពីរលើកបន្ថែមទៀតនៅទសវត្សរ៍១៩៧០ ក្រោយទទួលបានជ័យជម្នះយ៉ាងប្រផុតប្រផើយលើ Norwich City (១៩៧៤-៧៥) និង Everton (១៩៧៦-៧៧)។

នៅរដូវកាល ១៩៩៣-៩៤ Aston Villa ឈ្នះ League Cup លើកទី៤ ដោយបានយកឈ្នះ Manchester United ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ និងជាការរារាំងក្រុមបិសាចក្រហម មិនឱ្យឈ្នះ Treble ក្រោយទទួលបានពាន Premier League និង FA Cup នៅរដូវកាលនោះ។

ឆ្នាំបន្ទាប់ ពួកគេមានឱកាសឈ្នះពាននេះម្ដងទៀត ក្រោយយកឈ្នះ Leeds United ៣-០ នៅវគ្គផ្ដាច់ព្រ័ត្ររដូវកាល ១៩៩៥-៩៦ ហើយនេះជាការឈ្នះពានលើកចុងក្រោយរបស់ពួកគេបើគិតមកទល់បច្ចុប្បន្ន។

Aston Villa បរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ League Cup ៤លើកគឺនៅឆ្នាំ ១៩៦៣, ១៩៧០, ២០១០ និងចុងក្រោយ ចាញ់ Manchester City កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយលទ្ធផល ២-១។

២. Manchester City (ឈ្នះ៧លើក និងរងជើងឯកម្ដង)

Manchester City ឈ្នះពាន League Cup លើកដំបូងនៅឆ្នាំ ១៩៧០ នៅពេលដែលពួកគេទទួលជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រលើ West Bromwich Albion ដោយលទ្ធផល ២-១ ហើយពួកគេបានគ្រងតំណែងជើងឯកលើកទី២នៅ ឆ្នាំ១៩៧៦។

ចាប់តាំងពីពេលនោះមក ក្លិបដែលមានមូលដ្ឋាននៅទីក្រុងមែនឆេស្ទើរ មិនដែលឈ្នះពានរង្វាន់ណាមួយឡើយ រហូតដល់ឆ្នាំ ២០១១ ទើបមានឱកាសកាន់ពាន FA Cup។

Man City បានវិវត្តជាក្រុមខ្លាំងបំផុតមួយនៅអង់គ្លេស ហើយពួកគេឈ្នះ League Cup ៥លើកនៅ៦ឆ្នាំចុងក្រោយ(ចន្លោះពីឆ្នាំ ២០១៤ ដល់ ២០២០) ដោយខកខានតែម្ដងប៉ុណ្ណោះនៅឆ្នាំ ២០១៥។

ក្រុមដែលមានរហស្សនាមថាមេឃខៀវ បរាជ័យវគ្គផ្ដាច់ព្រ័ត្រ League Cup តែម្ដងប៉ុណ្ណោះគឺនៅរដូវកាល ១៩៧៣-៧៤ ក្រោមថ្វីជើង Wolverhampton Wanderers ដោយលទ្ធផល ២-១។

១. Liverpool(ឈ្នះ៨លើក និង រងជើងឯក ៤លើក)

Liverpool ជាក្រុមដែលជោគជ័យបំផុត នៅក្នុងប្រវត្តិសាស្ដ្ររបស់ League Cup។ ក្រុមហង្សក្រហមបានគ្រងតំណែងជើងឯក ៤រដូវកាលជាប់គ្នាចាប់រដូវកាល ១៩៨០-៨១ ដល់ ១៩៨៣-៨៤។

ប៉ុន្ដែពួកគេត្រូវរង់ចាំមួយទសវត្សរ៍ ដើម្បីឈ្នះពានមួយនេះលើកទី៥ ពោលគឺនៅរដូវកាល ១៩៩៤-៩៥ ក្រោយពីបានយកឈ្នះ Bolton Wanderers ២-១ នៅកីឡដ្ឋាន Wembley។

Liverpool ឈ្នះពាន League Cup លើកទី៦នៅពេលឆ្លងចូលសហវត្សរ៍ថ្មី នៅរដូវកាល ២០០០-០១ ហើយបន្ដឈ្នះ២លើកទៀតនៅរដូវកាល ២០០២-០៣ និង ២០១១-១២។

ក្រុមជើងឯក League Cup ៨សម័យ បានបរាជ័យវគ្គផ្ដាច់ព្រ័ត្រ៤លើក នៅរដូវកាល ១៩៧៧-៧៨, ១៩៨៦-៨៧, ២០០៤-០៥ និង ២០១៥-១៦៕