សមាជិកថ្មីតម្លៃ១០០លានអឺរ៉ូរបស់ Manchester United Antony ស៊ុតបញ្ចូលទីយ៉ាងស្អាតក្នុងថ្ងៃចូលលេងលើកដំបូងសម្រាប់បិសាចក្រហម ហើយ Marcus Rashford រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុមលោក Erik Ten Hag ឈ្នះ៤ប្រកួតជាប់គ្នា និងបញ្ចប់កំណត់ត្រា១០០%របស់ Arsenal ក្នុងក្របខណ្ឌ Premier League នៅ Old Trafford យប់ថ្ងៃអាទិត្យទី៤ខែកញ្ញាឆ្នាំ២០២២។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលបានស៊ុតជើងឆ្វេងបញ្ចូលទី Aaron Ramsdale នៅបង្គោលទី២ក្នុងនាទី៣៥ បន្ទាប់ពីទទួលបាល់បញ្ជូនពី Rashford។
Bukayo Saka បានស៊ុតតាមស្មើឱ្យ Arsenal ក្នុងនាទី៦០។ តែបន្ទាប់មក Rashford រកបាន២គ្រាប់ក្នុងនាទី៦៦និង៧៥ពីបាល់ counter-attack ជួយក្រុមបិសាចក្រហមឈ្នះជាលើកទី៤ជាប់ៗគ្នា និងឡើងមកលេខរៀងទី៥ក្នុងក្របខណ្ឌ Premier League។ នេះជាការរកបាន២គ្រាប់ម្នាក់ឯងក្នុងមួយប្រកួតជាលើកដំបូងសម្រាប់ Rashford តាំងពីខែធ្នូឆ្នាំ២០២០មក។
Bruno Fernandes បានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងគ្រាប់បាល់ទាំង២នេះ ដោយដំបូងបញ្ជូនទម្លុះខ្សែការពារយ៉ាងល្អសម្រាប់គ្រាប់ទី១របស់ Rashford និងបន្ទាប់មកបញ្ជូនដាច់ឱ្យ Christian Eriksen បញ្ជូនបន្តសម្រាប់ Rashford ពែនបញ្ចូលទី។
មែនទែនទៅ យប់មិញនេះ Arsenal បានបំប៉ោងសំណាញទី Man Utd មុនដោយ Gabriel Martinelli ប៉ុន្តែត្រូវបាន VAR លុបចោលដោយសារកំហុសរបស់ Martin Odeegard លើ Eriksen ពេលដណ្ដើមបាល់បាននៅកណ្ដាលតារាង។
ប្រសិនបើ Arsenal ឈ្នះយប់មិញ នោះវានឹងជាលើកទី១តាំងពីឆ្នាំ១៩៤៧មកដែល Arsenal បើកឆាកលីគកំពូលអង់គ្លេស៦ប្រកួតដំបូងឈ្នះរហូត។
Arsenal ទោះបីយ៉ាងណា នៅបន្តគ្រងកំពូលតារាងដដែល ដោយមាន១៥ពិន្ទុពី៦ប្រកួត នៅលើក្រុមលេខ២ Manchester City ១ពិន្ទុ។
នៅក្រោយពេលចប់ការប្រមូលផ្ដុំក្រុមជម្រើសជាតិ Arsenal នឹងត្រឡប់មកវិញត្រូវធ្វើការធ្ងន់ជាបន្តបន្ទាប់៥ប្រកួត រួមទាំងជំនួបទល់ Tottenham, Liverpool និង Manchester City ផងដែរ៕