Skip to content
Chelsea តែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មី ខណៈ កីឡាករម្នាក់ផ្ញើសារលាគ្នាជាមួយ Man United
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Chelsea តែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មី ខណៈ កីឡាករម្នាក់ផ្ញើសារលាគ្នាជាមួយ Man United

  • ក្លិបតោខៀវ Chelsea បានប្រកាសតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មី ជំនួសលោក Frank Lampard ដែលទើបត្រូវបានបញ្ចប់តំណែងកាលពីថ្មីៗនេះ។ អ្នកចាត់ការវ័យ៤៧ឆ្នាំ ដែលត្រូវបានក្លិបបារាំង Paris Saint-Germain បណ្ដេញចេញពីតំណែងកាលពីខែធ្នូ បានចុះកុងត្រារយៈពេល១៨ខែជាមួយក្លិបតោខៀវ ហើយមានជម្រើសបន្លាយមួយឆ្នាំបន្ថែមទៀត។ លោក Tuchel ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ ២០០០ ដោយបានដឹកនាំក្រុមយុវជនរបស់ VfB Stuttgart ហើយផ្លាស់ទៅបង្វឹកក្រុមយុវជនរបស់ Augsburg នៅឆ្នាំ២០០៥ មុនពេលតម្លើងមកឈុត B នៅ២ឆ្នាំបន្ទាប់។ ក្រោយទទួលបានបទពិសោធពីការដឹកនាំយុវជន អតីតកីឡាករដែលលេងតំណែងការពារកណ្ដាលរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Mainz 05 ដែលលេងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំ២០០៩។ បន្ទាប់មកលោក បានចំណាយពេល ២ឆ្នាំដឹកនាំ Borussia Dortmund ព្រមទាំងបានជួយពួកគេឈ្នះពាន DFB-Pokal រដូវកាល ២០១៦-១៧ មុនទៅដឹកនាំ Paris Saint-Germain។ អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះ បានជួយ PSG ឈ្នះពាននៅក្នុងស្រុកជាច្រើន ព្រមទាំងនាំពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងនៅរដូវកាល ២០១៩-២០។
  • បន្ទាប់ពីមានវិវាទជាមួយ អ្នកចាត់ការក្លិប Atalanta លោក Gian Piero Gasperini ទីបំផុត ខ្សែបម្រើ Papu Gomez បានចាកចេញពីក្លិបអ៊ីតាលីមួយនេះ ដោយផ្ទេរមកកាន់ក្លិប Sevilla ក្នុងតម្លៃប្រមាណ៧លានអឺរ៉ូ ដោយចុះកិច្ចសន្យានៅក្លិបអេស្ប៉ាញរហូតដល់ខែមិថុនា ឆ្នាំ២០២៤។ កីឡាករជនជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះ រកគ្រាប់បាល់បាន៥៩គ្រាប់ ពីការចូលលេង២៥២លើកឱ្យ Atalanta ដែលធ្វើឱ្យពួកគេក្លាយជាក្រុមដែលមានឥទ្ធិពលមួយនៅអឺរ៉ុបប៉ុន្មានរដូវកាលចុងក្រោយនេះ។ ហើយការមកដល់របស់ Gomez អាចបំពេញតំណែងខ្សែបម្រើប្រយុទ្ធនៅក្នុងក្រុមរបស់លោក Julen Lopetegui ដែលមានការខ្វះចន្លោះ ក្រោយការចាកចេញរបស់ខ្សែបម្រើ Ever Banega នៅចុងរដូវកាលមុន។
  • ខ្សែប្រយុទ្ធ Odion Ighalo បានផ្ញើសារមួយចេញពីក្រអៅបេះដូង មុនពេលចាកចេញពី Manchester United ប៉ុន្មានថ្ងៃខាងមុខនេះ។ កិច្ចសន្យាខ្ចីកីឡាករវ័យ៣១ឆ្នាំរូបនេះ នៅទឹកដី Old Trafford នឹងផុតកំណត់នៅចុងខែមករា ឆ្នាំ២០២១ ហើយគេត្រូវត្រលប់ទៅក្លិបដើម Shanghai Shenhua វិញ។ Ighalo រកគ្រាប់បាល់បាន៥គ្រាប់ ពីការបង្ហាញខ្លួនលើទីលានប្រកួត២៣លើកគ្រប់ការប្រកួតឱ្យក្រុមបិសាចក្រហម បន្ទាប់ពីផ្លាស់មកអង់គ្លេសនៅថ្ងៃចុងក្រោយ នៃការដោះដូរនៅខែមករាឆ្នាំមុន ប៉ុន្ដែគេមានឱកាសចូលលេងក្នុងជម្រើសដំបូងនៃការប្រកួតតែពីរលើកប៉ុណ្ណោះ នៅរដូវកាលនេះ ក្រោយលេចវត្តមានរបស់ Edinson Cavani។ Ighalo បានសរសេរនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួនថា៖ “វាគឺពិបាកដែលឃើញក្ដីសុបិនឈានដល់ទីបញ្ចប់។ ប៉ុន្ដែខ្ញុំបានបំពេញក្ដីស្រមៃជាយូរមកហើយ ក្នុងការពាក់អាវ Manchester United ក្នុងនាមជាកីឡាករ ហើយតំណាងឱ្យក្លិបដ៏អស្ចារ្យមួយនេះ”។
  • អតីតខ្សែការពារក្រុមកាំភ្លើងធំ កីឡាករ Sokratis Papastathopoulos បានសម្រេចការផ្ទេរចូលរួមក្លិប Olympiakos និងចុះកិច្ចសន្យាដល់ឆ្នាំ២០២៣។ ខ្សែការពារវ័យ៣២ឆ្នាំរូបនេះ បានសម្រេចបញ្ចប់កុងត្រារយៈពេល៦ខែដែលនៅសល់ជាមួយ Arsenal ហើយដោយត្រលប់ទៅលេងឱ្យក្លិបនៅស្រុកកំណើតរបស់ខ្លួនវិញ ដោយសារគេមិនស្ថិតនៅក្នុងជម្រើសកីឡាកររបស់លោក Mikel Arteta ដូចអតីតមិត្តរួមក្រុម Mesut Ozil ដែលទើបផ្លាស់ទៅ Fernebahce ដែរ។
  • ក្លិបកំពុងឡើងកូដនៅលីគកំពូលអង់គ្លេស Aston Villa បានសម្រេចការផ្ទេរ កីឡាករ Morgan Sanson ពីក្លិប Marseille ក្នុងតម្លៃ ១៤លានផោន ជាមួយកុងត្រារយៈពេល៤ឆ្នាំកន្លះ។ Sanson បានផ្លាស់ទៅចូលរួម Marseille ពីក្លិប Montpellier កាលពីខែមករា ឆ្នាំ២០១៧ ដោយរកគ្រាប់បាល់បាន ២៣គ្រាប់ ពីការបង្ហាញខ្លួនលើទីលាន១៤៩លើកឱ្យក្លិបបារាំងមួយនេះ។ កីឡាករជនជាតិបារាំងវ័យ២៦ឆ្នាំរូបនេះ ជាកីឡាករដំបូងដែល Aston Villa នាំចូលនៅក្នុងការដោះដូរខែមករានេះ បន្ទាប់ពីកីឡាករ៣រូបចាកចេញក្រោមលក្ខខណ្ឌខ្ចី ដែលរួមមាន Lovre Kalinic ទៅ Hajduk Split, Tyreik Wright ទៅ Walsall ហើយ Conor Hourihane ចូលរួម Swansea៕