ខ្សែប្រយុទ្ធ Diego Costa នឹងធ្វើតេស្តនៅក្លិប Wolverhampton Wanderers សប្ដាហ៍នេះដើម្បីវាយតម្លៃកាយសម្បទានិងភាពស័ក្ដិសមរបស់គេក្នុងក្រុមមួយនេះ បន្ទាប់ពីខ្សែប្រយុទ្ធថ្មី Sasa Kalajdzic និងតារាជើងស៊ុតម៉ិកស៊ីកូ Raul Jimenez របួស។
Costa អតីតសមាជិក Chelsea និង Atletico Madrid វ័យ៣៣ឆ្នាំ ទំនេរពុំទាន់មានក្លិបតាំងពីក្រោយពេលចាកចេញពីក្លិបប្រេស៊ីល Atletico Mineiro ក្នុងខែមករាឆ្នាំ២០២២មកម្ល៉េះ។ Costa រកបាន៥៩គ្រាប់ពី១២០ប្រកួត អំឡុងពេលលេងឱ្យ Chelsea ៣ឆ្នាំ រវាងឆ្នាំ២០១៤ដល់២០១៧។
សមាជិកថ្មីរបស់ Wolves គឺខ្សែប្រយុទ្ធជម្រើសជាតិអូទ្រីស Kalajdzic វ័យ២៥ឆ្នាំដែលទើបផ្ទេរមកពី Stuttgart ក្នុងតម្លៃ១៥លានផោន បានរងរបួសសរសៃពួរជង្គង់ (ACL) អំឡុងការចូលលេងលើកទី១ថ្ងៃសៅរ៍មុន ពេល Wolves ឈ្នះ១-០លើ Southampton។
ចំណែក Jimenez បានខកខានការប្រកួតទល់ Southampton ថ្ងៃនោះដោយសារគេមានអារម្មណ៍ឈឺក្រលៀនក្នុងពេលកម្ដៅសាច់ដុំ។ Jimenez ក៏បានអវត្តមាន២ប្រកួតដំបូងដើមរដូវកាលនេះផងដែរដោយសាររបួសជង្គង់អំឡុងពេលរដូវកាលត្រៀម។
ដោយឡែក ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៨ឆ្នាំ Ross Barkley បានចូលរួមក្លិប Nice របស់បារាំងដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីបានចែកផ្លូវជាមួយ Chelsea សប្ដាហ៍មុន។
Barkley ដែលធ្លាប់លេងឱ្យជម្រើសជាតិអង់គ្លេស៣៣លើកតែខានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៩មកនោះ ត្រូវបានបង្ហាញខ្លួនជាសមាជិកថ្មីរបស់ Nice មុនការប្រកួតទល់ Monaco ថ្ងៃអាទិត្យម្សិលមិញ។
នៅ Nice អតីតខ្សែបម្រើលេចធ្លោរបស់ Everton ខាងលើបានចូលរួមក្រុមជាមួយអតីតតារា Premier League មួយចំនួនដូចជា Aaron Ramsey, Nicolas Pepe និង Kasper Schmeichel។
សូមរំឭកថា Barkley បានលេងក្នុងក្របខណ្ឌ Premier League ២៣២លើកសម្រាប់ Chelsea, Aston Villa និង Everton។ គេបានផ្ទេរពី Everton ទៅ Chelsea ក្នុងតម្លៃ១៥លានផោនក្នុងឆ្នាំ២០១៨ និងបានលេងឱ្យ Aston Villa ក្រោមកិច្ចសន្យាខ្ចីក្នុងរដូវកាល២០២០-២១៕