Liverpool បានបរាជ័យនៅក្នុងទឹកដីរបស់ខ្លួន៦ប្រកួតជាប់គ្នានៅ Premier League ក្រោយចាញ់ Fulham ដោយលទ្ធផល ០-១ កាលពីយប់ថ្ងៃអាទិត្យទី៧ ខែមីនា ឆ្នាំ២០២១។
គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់របស់កីឡាករ Mario Lemina ធ្វើបាននៅក្នុងវគ្គទី១ បានជួយឱ្យ Fulham ដែលស្ថិតនៅតំបន់ត្រូវកាត់ចេញ មានពិន្ទុស្មើជាមួយក្រុមលេខ១៧ Brighton ដែលនៅសល់មួយប្រកួតក្នុងដៃ។
នេះជាលើកដំបូងដែល Fulham ទទួលជ័យជម្នះនៅទឹកដី Anfield រាប់ចាប់តាំងពីឆ្នាំ២០១២មក ខណៈក្រុមការពារជើងឯក Liverpool កំពុងស្ថិតនៅស្ថានភាពកាន់តែលំបាក ក្នុងការប្រជែងតំណែង Top 4 នៅ Premier Legaue។
ក្រុមហង្សក្រហមដែលឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាលមុន បានរក្សាកំណត់ត្រាមិនបរាជ័យ៦៨ប្រកួតជាប់គ្នា នៅក្នុងទឹកដីរបស់ខ្លួន មុនពេលពួកគេចាញ់លើកដំបូងក្រោមថ្វីជើង Burnley កាលពីខែមករា។
ក្រោយមកក្រុមរបស់លោក Jurgen Klopp បន្ដបរាជ័យនៅទឹកដីខ្លួនឯងទល់ក្រុម Brighton, Manchester City, Everton, Chelsea និង Fulham កាលពីយប់មិញ។
កំណត់ត្រា និង ស្ថិតិនៃការប្រកួតនេះ៖
- Liverpool ជាក្រុមដំបូងដែលចាញ់យ៉ាងតិច៦ប្រកួតជាប់គ្នាក្នុងទឹកដីខ្លួននៅ Premier League បន្ទាប់ពីក្រុម Huddersfield Town ដែលចាញ់ក្នុងផ្ទះ៧លើក កាលពីខែកុម្ភៈ ឆ្នាំ២០១៩។
- Fulham ជាក្រុមទើបប្រូម៉ូតថ្មីដំបូង ដែលអាចយកឈ្នះ Liverpool នៅក្រៅទឹកដី ក្នុងការប្រកួត Premier League គិតចាប់តាំងពី ខែតុលា ឆ្នាំ២០១០។
- បើមិនគិតប៉េណាល់ទី និង បាល់ own-goal ក្រុមហង្សក្រហម មិនអាចរកគ្រាប់បាល់បញ្ចូលទីដោយការព្យាយាមស៊ុត ១១៥លើកនៅ កីឡដ្ឋាន Anfield ក្នុងការប្រកួត Premier League។
យើងងាកទៅមើលលទ្ធផលនៃការប្រកួតនៅទីក្រុង Manchester វិញ កំណត់ត្រាឈ្នះច្រើនប្រកួតជាបន្ដបន្ទាប់របស់ Manchester City ត្រូវបានបញ្ចប់ដោយក្រុមជិតខាង Manchester United ដែលបានយកឈ្នះពួកគេដោយលទ្ធផល ០-២ នៅ Premier League កាលពីយប់មិញនេះ។
ខ្សែបម្រើឆ្នើម Bruno Fernandes រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមភ្ញៀវបិសាចក្រហម ដោយការស៊ុតប៉េណាល់ទី នៅនាទីទី២ បន្ទាប់ពី Gabriel Jesus បង្កកំហុសលើ Anthony Martial នៅពេលចាប់ផ្ដើមការប្រកួតបាន៣០វិនាទី។
ក្រុមម្ចាស់ផ្ទះមេឃខៀវសឹងតែអាចរកគ្រាប់បាល់តាមស្មើដោយ ខ្សែបម្រើ Rodri ដែលស៊ុតបាល់ប៉ះនឹងជ្រុងបង្គោលទី ប៉ុន្ដែត្រូវបានក្រុមលោក Ole Gunnar Solskjaer រកគ្រាប់បាល់នាំមុខមួយគ្រាប់បន្ថែមទៀតដោយខ្សែការពារ Luke Shaw ក្រោយចាប់ផ្ដើមវគ្គទី២បាន៥នាទី។
បច្ចុប្បន្នក្រុមបិសាចក្រហម ដែលមិនមានគ្រាប់បាល់៣ប្រកួតកន្លងមក បានឡើងមកលេខ២ក្នុងតារាង Premier League សារជាថ្មី ដោយនាំមុខ Leicester City មួយពិន្ទុ និងធ្វើឱ្យតំណែង Top4 នៅលីគកំពូលអង់គ្លេសកាន់តែប្រកួតប្រជែង។
កំណត់ត្រា និង ស្ថិតិនៃការប្រកួតនេះ៖
- នេះជាបរាជ័យដំបូងរបស់ Manchester City ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក និងជាការបញ្ចប់កំណត់ត្រាមិនបរាជ័យ២៨លើកជាប់គ្នារបស់ពួកគេគ្រប់ការប្រកួតទាំងអស់។
- បើរាប់ចាប់តាំងពីដើមរដូវកាល ២០១៩-២០ មក បរាជ័យក្នុងទឹកដី៣លើក ក្នុងចំណោម៥ប្រកួតនៅក្នុងទឹកដីរបស់ Man City គឺចាញ់ក្រោមថ្វីជើង Man United។
- Man United មិនបរាជ័យ១០៣ប្រកួតនៅ Premier League នៅពេលពួកគេមានគ្រាប់បាល់នាំមុខនៅវគ្គទី១ ដោយទទួលជ័យជម្នះ ៩១លើក និង ស្មើ១២លើក។
រីឯក្រុមមាន់ខ្នាយមាស Tottenham Hotspur ទទួលបានលទ្ធផលគាប់ប្រសើរ នៅពេលដែល Gareth Bale និង Harry Kane រកគ្រាប់បាល់បានម្នាក់២គ្រាប់ ក្នុងការប្រកួតជ័យជម្នះនៅ Premier League លើ Crystal Palace។
Bale ដែល Spurs បានខ្ចីពី Real Madrid រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមលោក Jose Mourinho ពីការបញ្ជូនយ៉ាងល្អដោយ Kane ហើយតែតបញ្ចូលទីបានមួយគ្រាប់ទៀត ពីការបញ្ជូនដោយខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ក្រោយពេល Christian Benteke រកគ្រាប់បាល់តាមស្មើឱ្យ Palace។
Kane ស៊ុតកោងពីចម្ងាយបញ្ចូលទីគ្រាប់ទី៣របស់ Spurs ក្នុងការប្រកួត ហើយស៊ុតគ្រាប់ទី២របស់ខ្លួនធានាជ័យជម្នះឱ្យក្រុមបង្វឹកដោយលោក Mourinho។
សម្រាប់លទ្ធផលនេះ បានជួយឱ្យ Spurs ឡើងមកលេខ៦ក្នុងតារាង Premier League និងមានគម្លាតតែ២ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Chelsea ខណៈ Palace រក្សាតំណែងនៅលេខរៀងទី១៣៕