ហេតុការដ៏អាក្រក់មួយបានកើតមានឡើងអំឡុងការប្រកួតលីគកំពូល Turkey Super Lig សប្ដាហ៍ទី៥រវាង Ankaragucu ប្រកួតជាមួយ Besiktas ដោយមានអ្នកគាំទ្រម្នាក់សម្រុកចូលទីលានហើយលោតទាត់កីឡាកររបស់ Besiktas ។
ខ្សែបម្រើ Besiktas, Salih Ucan ត្រូវបានអ្នកគាំទ្រដែលរត់ចូលក្នុងទីលានធាក់យ៉ាងពេញទំហឹងនៅក្នុងជ័យជំនះ 3-2 របស់ក្លិបយក្សទួកគីមួយនេះនៅលើទឹកដី Ankaragucu។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលដែលក្រុមទាំងពីរបានឈ្លោះប្រកែកគ្នានៅចុងម៉ោងខណៈមន្រ្តីអាជ្ញាកណ្តាលបានចូលទៅជួយសម្របសម្រួលកីឡាករឲ្យស្ងប់ចិត្តរាងៗខ្លួនក៏មានអ្នកគាំទ្រម្នាក់សម្រុកចូលទីលានរួចរត់ទៅធាក់ Ucan ដែលកំពុងតែឈរបែរខ្នងមិនដឹងខ្លួន។
អ្នកគាំទ្ររូបនេះបានទាត់ខ្នងរបស់ Ucan ហើយត្រូវបានកីឡាករ Josef de Souza រុញគេឲ្យដួលទៅដីរួចត្រូវបានសន្តិសុខចាប់រូបគេយកទៅក្រៅទីលានវិញ។បន្ទាប់ពីមានអ្នកគាំទ្ររត់ចូលទីលានក៏បានធ្វើឲ្យជម្លោះរវាងក្រុមទាំងពីកាន់តែក្តៅថែមមួយកម្រិតទៀតនៅក្នុងកីឡដ្ឋាន Eryaman Stadyumu។
ខ្សែប្រយុទ្ធហូឡង់ Wout Weghorst ដែល Besiktas បានខ្ចីមកពី Burnley ក៏ជាប់ពាក់ព័ន្ធានឹងការប៉ះទង្គិចគ្នាដែរហើយត្រូវបានគេឃើញចង្អុលក្បាលរបស់គាត់មុនពេលរូបគេដើរចេញពីទីលាន។ប៉ុន្តែគ្រូបង្វឹកម្នាក់មិនសប្បាយចិត្តនឹងកីឡាករវ័យ 30 ឆ្នាំរូបនេះទេហើយបានទាស់ពាក្យសម្តីគ្នាតែមិត្តរួមក្រុមរបស់ Weghorst ម្នាក់បានចូលទៅជួយបំបែកសម្រួលឲ្យអ្នកទាំងពីរចេញពីគ្នា។
ក្រោយពីការប៉ះទង្គិតគ្នាកីឡាករ Marlon Xavier របស់ម្ចាស់ផ្ទះទទួលបានកាតលឿងលើកទីពីរស្មើនឹងកាត់ក្រហមខណៈដែលការប្រកួតបញ្ចប់ទៅដោយកើតមានគ្រាប់បាល់រហូតដល់ទៅ៥គ្រាប់។
អតីតខ្សែបម្រើ Everton, Dele Alli បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតទីពីររបស់គាត់ផងដែរជូនក្រុម Besiktas ដោយរកគ្រាប់បាល់ទី២ក្នុងជ័យជំនះរបស់ពួកគេ 3-2 បន្ទាប់ពីទទួលបាល់បានពីកីឡាករ Weghorst។
គ្រាប់បាល់នេះជាគ្រាប់បាល់ដំបូងរបស់ Alli សម្រាប់ការប្រកួតបាល់ទាត់លីគក្នុងរយៈពេល378ថ្ងៃ ហើយអ្នកគាំទ្ររបស់់ Besiktas សង្ឃឹមថារូបគេនឹងរកគ្រាប់បាល់បន្ថែមក្នុងការប្រកួតបន្តបន្ទាប់ទៀត។Bestiktas នៅតែបន្តឈរកំពូលតារាងនៃក្របខ័ណ្ឌទួកគី Super Lig ដោយនាំមុខក្រុមលេខពីរ Konyaspor ចំនួនពីរពិន្ទុគិតត្រឹមសប្ដាហ៍ទី5។