ព័ត៌មានពីប្រភពកៀកកឹតឲ្យដឹងថា លោក ស៊ន អេលីត ស្ថាបនិកក្លិបប៉ែនកាក់គុនខ្មែរ កំពុងប្រឹងប្រែងបង្កើតកម្មវិធី ខ្សែក្រវាត់ជាលើកដំបូងឡើង លើសង្វៀនពន្លកគុនខ្មែររបស់លោក។
ប្រភពដដែលឲ្យដឹងទៀតថា មកទាល់ពេលនេះគ្រូបង្វឹកលេចធ្លោរូបនេះ បានត្រៀមលក្ខណៈក្នុងការរៀបចំរួចរាល់ស្ទើរ៨០ភាគរយហើយ ទាំងក្រុមបច្ចេកទេសផ្សាយ និងបញ្ជីកីឡាករដែលជាបេក្ខភាព។
ការរៀបចំបង្កើតខ្សែក្រវាត់ប្រចាំសង្វៀនក្លិបលោក ត្រូវគេមើលឃើញថានឹងក្លាយជាសមិទ្ធផលនៃការរួមចំណែកអភិវឌ្ឍគុនខ្មែរដ៏ថ្មីមួយទៀតរបស់លោក ស៊ន អេលីត។ ប៉ុន្តែប្រភពព័ត៌មានបន្តថាអ្វីដែលជាឧបស័គ្គនៅចំពោះមុខពេលនេះ គឺកម្មវិធីរបស់លោកនៅខ្វះថវិកាមួយចំនួន សម្រាប់គម្រោងចំណាយទាំងមូល។
ជាផ្នែកនៃការពង្រីកបរិមាណ និងពង្រឹងគុណភាពកីឡាករវ័យក្មេង គ្រូបង្វឹក ស៊ន អេលីត ត្រូវគេព្រលយទៀតថា កំពុងខ្នះខ្នែងណាស់ ដោយសហការជាមួយ ក្រុមកាងារផ្សាយផ្ទាល់ស្វែងរក Sponsor បន្ថែម ដើម្បីអាចសម្រេចបំណងដ៏ធំក្នុងការបង្កើតកម្មវិធីដណ្ដើមខ្សែក្រវាត់មួយនេះឲ្យចេញរូបរាងឡើយ។
ប្រសិនអ្វីៗរលូនដូចការគ្រោងទុក កម្មវិធីខ្សែក្រវាត់នៃសង្វៀនពន្លកគុនខ្មែរ ក្នុងក្លិបប៉ែនកាក់គុនខ្មែរ រំពឹងថានឹងចាប់ផ្ដើមក្នុងខែតុលា ដែលជាជំហានមុនគេទៀតរបស់ក្លិបនេះ ខណៈកន្លងមក ក្លិបប៉ែនកាក់គុនខ្មែរ ជាក្លិបដំបូង ដែលចាប់ផ្ដើមសង្វៀនកីឡាករវ័យក្មេង ប្រចាំសប្ដាហ៍ នៅក្រៅសង្វៀនទូរទស្សន៍៕