Chelsea បានចាប់ផ្ដើមយុទ្ធនាការ UEFA Champions League 2022-23 ពុំបានល្អឡើយ ដោយបានចាញ់ក្នុងប្រកួតបើកឆាកពូល E ក្រោមថ្វីជើងក្រុម Dinamo Zagreb របស់ក្រូអាត ដោយលទ្ធផល១-០កាលពីយប់ថ្ងៃអង្គារទី៦ខែកញ្ញាឆ្នាំ២០២២។
គ្រាប់បាល់តែ១គត់របស់កីឡាករ Mislav Orsic ក្នុងនាទីទី១៣ធានាបាន៣ពិន្ទុសម្រាប់ Zagreb ខណៈ Chelsea ពុំអាចរកគ្រាប់បាល់បានឡើយ ទោះបីមានការគ្រប់គ្រងបាល់បានច្រើននិងបង្កើតឱកាសច្រើនដែរក្ដី។
មែនទែនទៅ ពុំមែនតែការប្រកួត Champions League យប់មិញទេ សូម្បីការប្រកួត Premier League ៦ប្រកួតដំបូង ក៏ Chelsea បង្ហាញគុណផលមិនទៀងទាត់ទេ ដោយបានលេងចាញ់ Leeds United ៣-០ និងចាញ់ Southampton ២-១ នៅចន្លោះជ័យជម្នះលើ Leicester បន្ទាប់ពីបានបើកឆាកឈ្នះ Everton ១-០និងបន្ទាប់មកស្មើ Spurs ២-២។
នៅក្រោយការប្រកួតពានក្លិបទ្វីបអឺរ៉ុបយប់មិញ លោក Thomas Tuchel អ្នកចាត់ការ Chelsea និយាយថានៅខណៈនេះក្រុមរបស់លោកបានបាត់បង់គ្រប់យ៉ាងអស់រលីង ហើយលោកគឺជាផ្នែកមួយនៃបញ្ហារបស់ក្រុមរួមជាមួយកីឡាករ។
អ្នកចាត់ការជនជាតិអាល្លឺម៉ង់ដែលបានដាក់ Kepa ចាំទីជំនួស Mendy និងសមាជិកថ្មីទើបមកដល់ Aubameyang ក្នុងជម្រើសដំបូងយប់មិញ និយាយថា៖ «យើងមានរឿងដដែលៗដូចរាល់ដង។ ពួកយើងមានការចាប់ផ្ដើមមួយដែលល្មមទទួលយកបាន ប៉ុន្តែយើងប្រើប្រាស់ឱកាសមិនបានល្អ។ នៅពេលការប្រកួតទៅដល់ចំណុចមួយដែលយើងអាចធានាជ័យជម្នះបានក្នុងរយៈពេល១៥ទៅ២០នាទីដំបូង ពួកយើងអត់មានអារម្មណ៍នៅទីនោះ។ បន្ទាប់មកពួកយើងរបូតគ្រាប់បាល់ដោយបាល់ counter-attack មួយបាល់ដែលងាយស្រួលពេក។ ហើយបន្ទាប់ពីរបូតគ្រាប់នោះមក យើងបានជួបភាពយ៉ាប់យ៉ឺន។ មានចំណុចច្រើនលើសលប់ដែលត្រូវវិភាគ។ ខ្ញុំជាផ្នែកមួយនៃបញ្ហាកំពុងកើតមាន។ ច្បាស់ណាស់ថា ពួកយើងពេលនេះមិនស្ថិតនៅកន្លែងដែលយើងត្រូវស្ថិតនៅ, កន្លែងដែលយើងអាចស្ថិតនៅនោះទេ។ ដូច្នេះគឺដោយសារខ្ញុំ ដោយសារពួកយើងទាំងអស់គ្នា។ ពួកយើងត្រូវរកដំណោះស្រាយ។ នៅខណៈនេះគ្រប់យ៉ាងបានបាត់បង់»។
នៅចុងសប្ដាហ៍នេះ Chelsea នឹងព្យាយាមកែខៃស្ថានការណ៍ដើម្បីវិលមករកជ័យជម្នះវិញនៅពេលពួកគេទៅសួរសុខទុក្ខ Fulham ក្នុងការប្រកួត Premier League ថ្ងៃសៅរ៍ទី១០ខែកញ្ញា៕