បួនប្រាំឆ្នាំចុងក្រោយនេះ កីឡាករល្អៗជាច្រើនបានចាកចេញពី Ajax ជាបន្តបន្ទាប់ រាប់ចាប់ពី Frenkie de Jong, Matthijs de Ligt, Kasper Dolberg, Hakim Ziyech, Donny van de Beek និងកីឡាករល្អៗជាច្រើននាក់ផ្សេងទៀតដែលបានចាកចេញទៅចូលរួមក្លិបធំៗនិងលុយធំៗ។
ថ្មីៗចុងក្រោយនេះ Lisandro Martinez, Antony និងអ្នកចាត់ការដ៏ជោគជ័យឈ្នះជើងឯកលីគ៣ដង Erik Ten Hag ក៏បានចាកចេញ ដើម្បីទៅចូលរួម Manchester United ស្របពេល Ryan Gravenberch និង Nouussair Mazraoui បានចេញទៅចូលរួម Bayern Munich ក្នុងរដូវក្ដៅ២០២២នេះ។
អ្នកគាំទ្រ Ajax ជាច្រើនមិនសប្បាយចិត្តឡើយចំពោះការផ្ដោតដ៏ខ្លាំងរបស់ក្លិបនេះលើផ្នែកហិរញ្ញវត្ថុ។
លោក Finley Crebolder អ្នកសារព័ត៌មានបាល់ទាត់ជាន់ខ្ពស់នៅស្ថាប័ន Get Belguim & Dutch Football News បាននិយាយប្រាប់សារព័ត៌មាន BBC ថានៅក្នុងគំនិតរបស់ Ajax, Ajax គិតថាពួកគេរកចំណូលបានយ៉ាងច្រើនរួចទៅហើយពីការលក់កីឡាករក្នុងរដូវក្ដៅនេះ ដូច្នេះពួកគេមិនចង់ឱ្យ Antony ចាកចេញទេ។ ពួកគេបានបង្ហាញឱ្យឃើញថាពួកគេស្ទាក់ស្ទើរយ៉ាងណាចំពោះការអនុញ្ញាតឱ្យ Antony ចាកចេញ។ តែទោះបីយ៉ាងណា ពួកគេបានឃាត់ជាប់ Edson Alvarez មិនឱ្យទៅចូលរួម Chelsea។ ពួកគេកំពុងព្យាយាមផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាក្លិបដែលលក់កីឡាករ ចេញ។
Ajax បច្ចុប្បន្នកំពុងបង្វឹកដោយលោកគ្រូ Alfred Schreuder ជនជាតិហុល្លង់ វ័យ៤៩ឆ្នាំ ដែលជាអតីតជំនួយការរបស់លោក Julian Nagelsmann នៅ Hoffenheim, ជំនួយការលោក Ronald Koeman នៅ Barcelona, ជំនួយការលោក Ten Hag នៅ Ajax ផ្ទាល់។ ហើយគ្រូកាន់សញ្ញាបត្រ Pro License រូបនេះបានឈ្នះជើងឯកលីគកំពូលបែលហ្ស៊ិកជាមួយ Club Brugge ក្នុងឆ្នាំ២០២២ មុនវិលមក Ajax ក្នុងតំណែងគ្រូធំលើកិច្ចសន្យា២ឆ្នាំ។
ពិតណាស់ថា ក្រុមប្រឹក្សាភិបាលក្លិប Ajax ដែលដឹកនាំដោយអតីតកំពូលអ្នកចាំទី Edwin van der Sar រកចំណូលបានយ៉ាងច្រើនពីការលក់កីឡាករក្នុងរដូវក្ដៅនេះ ប៉ុន្តែក្លិបនេះក៏ចាយច្រើនគួរសមដែរ។លុយរាប់សិបលានអឺរ៉ូត្រូវបានផ្ដល់ជូនលោកគ្រូបង្គោលថ្មី Schreuder ក្នុងការចំណាយដើម្បីកសាងក្រុម Ajax ឡើងវិញ។
ខ្សែការពារជម្រើសជាតិនីហ្សេរីយ៉ា Calvin Bassey ដែលជាអតីតយុវជន Leicester City អាចលេងស្ដាំបាននិងកណ្ដាលបាន ត្រូវបាននាំយកមកពី Rangers ក្នុងតម្លៃ២០លានផោន។ ខ្សែប្រយុទ្ធវ័យក្មេងហុល្លង់ Brian Brobbey វ័យ២០ឆ្នាំដែលជាអតីតយុវជនរបស់ខ្លួនឯងផ្ទាល់ ត្រូវបាន Ajax ទិញត្រលប់មកវិញពី RB Leipzig ក្នុងតម្លៃដែលអាចកើនដល់ជិត២០លានអឺរ៉ូ។ ខ្សែការពារស្លាបស្ដាំជម្រើសជាតិម៉ិកស៊ីកូវ័យ២៤ឆ្នាំ Jorge Sanchez ក៏បានផ្ទេរមកពី Club America មកចូលរួមក្លិបហុល្លង់មួយនេះផងដែរ។ ប៉ុន្តែកីឡាករចំណូលថ្មីដែលមានទម្ងន់ជាងគេប្រហែលជា Steven Bergwijn ដែលផ្ទេរមកពី Spurs ក្នុងតម្លៃ៣១,២៥លានអឺរ៉ូ។ ខ្សែប្រយុទ្ធស្លាបជម្រើសជាតិហុល្លង់រូបនេះរកបាន៦គ្រាប់ពី៥ប្រកួតសម្រាប់ Ajax។
Ajax បានបើកវាំងននរដូវកាលថ្មីដោយបរាជ័យ៣-៥ក្រោមថ្វីជើង PSV Eindhoven ក្នុងពាន Dutch Super Cup តែបន្ទាប់មកបានឈ្នះ៥លើកជាប់គ្នាវិញក្នុងលីគ។
លោក Crebolder និយាយថា Ajax បច្ចុប្បន្នពិតជាខ្សោយជាងមុន។ កីឡាករបានចាកចេញច្រើន ហើយអ្នកដែលពិបាកជំនួសបំផុតគឺខ្សែការពារស្លាបស្ដាំ Mazraoui។ អ្នកសារព័ត៌មានដដែលនេះគិតថាការបាត់បង់ Antony មិនមែនជាការបាត់បង់ធំទេ ព្រោះ Bergwijn អាចប៉ះប៉ូវសងបាន។
ប្រាកដណាស់ ក្រុម Ajax ថ្មីទើបតែចាប់ផ្ដើមរដូវកាលថ្មីបានរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែមានសុទិដ្ឋិនិយមនៅជុំវិញក្រុមដែលកំពុងកសាងឡើងវិញដោយលោក Schreuder។
នៅទីបំផុតទៅ នេះគឺជា Ajax។ philosophy របស់ក្លិបនេះបានចាក់ឫសជ្រៅនៅទីនេះ គឺភាពអត់ធ្មត់, ការគ្រប់គ្រងបាល់ និងទំនុកចិត្តក្នុងការលេងតាមរបៀបផ្ទាល់ខ្លួន។ លោក Schreuder ដឹងពីការទាមទារនិងទំនួលខុសត្រូវនៅក្លិបនេះ។
ក្នុងលីគកំពូលហុល្លង់រដូវកាលថ្មី៥ប្រកួតដំបូងនេះ Ajax បានបំពេញការបញ្ជូនប្រទាក់ក្រឡា១០ប៉ះជោគជ័យច្រើនដងជាងគេ(៨៣ដង), មានភាគរយគ្រប់គ្រងបាល់គិតជាមធ្យមខ្ពស់ជាងគេ(៦៩%)។ ខាងការពារវិញ Ajax រងការស៊ុតច្រើនដងជាងគេ(៣៥លើក) តែរបូតត្រឹម៣គ្រាប់ប៉ុណ្ណោះ។
ក្រុមនេះកំពុងស្ថិតក្នុងដំណាក់កាលកសាងឡើងវិញ ហើយគិតត្រឹមពេលនេះវាលឿនពេកក្នុងការវាយតម្លៃថាតើពួកគេអាចរក្សាភាពត្រចះត្រចង់របស់ក្លិបបានឬអត់។ លោក Schreuder លើកឡើងថាលោកមានក្រុមល្អមួយដែលមានភាពប្រកួតប្រជែង ទោះបីមានការផ្លាស់ប្ដូរកីឡាករច្រើនក៏ដោយ។ វាទាមទារពេលបន្តិចក្នុងការធ្វើឱ្យពួកគេយល់ពីប្រព័ន្ធលេងដែលលោកចង់បាន។ លោកគិតថាក្រុមថ្មីនេះល្អគ្រប់គ្រាន់ដើម្បីទទួលបានរដូវកាលល្អមួយ៕