Skip to content
ទីបំផុត Leicester ស្គាល់ជ័យជម្នះជាលើកដំបូងក្រោយលត់ Forest 4-0
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទីបំផុត Leicester ស្គាល់ជ័យជម្នះជាលើកដំបូងក្រោយលត់ Forest 4-0

ទីបំផុតក្លិបបាល់ទាត់ Leicester City អាចស្វែងរកជ័យជម្នះរបស់ខ្លួនជាលើកដំបូងបានហើយនៅរដូវកាលនេះក្នុងក្របខណ្ឌ Premier League 2022-2023 ក្រោយយកឈ្នះ Nottingham Forest 4-0 ក្នុងដីរបស់ខ្លួនកាលពីយប់ថ្ងៃច័ន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

ជ័យជម្នះក្នុងជំនួប East Midlands derby បានធ្វើឲ្យកៅអីរបស់គ្រូបង្វឹក Brendan Rodgers ហាក់ថយចុះនូវកម្តៅមួយចំនួនប៉ុន្តែវាបានធ្វើឲ្យគ្រូបង្វឹក Steve Cooper កំពុងតែទទួលរងសម្ពាធជាខ្លាំងក្រោយក្រុមដែលទើបតែឡើងមកពីលីគទី២មួយនេះកំពុងស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League។

Leicester រកបានតែ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេហើយជាមួយនឹងជ័យជំនះមួយនេះបានធ្វើឲ្យពួកគេឡើងឈរលើ Nottingham Forest ដោយមាន៤ពិន្ទុស្មើគ្នាប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង។

ក្រុមភ្ញៀវប៊ិះនឹងមានឱកាសរកគ្រាប់បាល់នាំមុខមុនទៅហើយក្នុងនាទី២២ប៉ុន្តែពិតជាសោកស្តាយដែលការស៊ុតរបស់កីឡាករ Taiwo Awoniyi បាល់បែរជាទៅបុកបង្គោលទីទៅវិញ។ក្រោយបាល់ស៊ុតបុកបង្គោលទីរបស់ Awoniyi Leicester ក៏បានធ្វើការវាយសម្រុកវិញភ្លាមៗរហូតរកគ្រាប់បាល់បាន២គ្រាប់ក្នុងរយៈពេលត្រឹមតែ២នាទីដែលធ្វើឲ្យអ្នកគាំទ្រក្នុងកីឡដ្ឋាន King Power មានភាពសប្បាយរីករាយយ៉ាងក្រៃលែង។

Maddison ជាអ្នកបើកការនាំមុខឲ្យម្ចាស់ផ្ទះនៅនាទី25ក្រោយការស៊ុតយ៉ាងល្អពីក្រៅប្រអប់គ្រោះថ្នាក់ទៅបុកខ្សែការពារ Forest កីឡាករ Scott McKenna ចូលក្នុងសំណាញ់ទីហើយគ្រាប់បាល់ទី២រកបានដោយកីឡាករ Harvey Barnes។រឿងមិនល្អក៏បានកើតឡើងបន្ថែមទៀតសម្រាប់ក្រុមភ្ញៀវពោលនៅនាទី៣៥កីឡាករ James Maddison ដដែលបានស៊ុតបាល់ Free-kick យ៉ាងល្អឥតខ្ចោះឆ្លងផុតរនាំងការពារចូលទៅក្នុងសំណាញ់ទីដោយអ្នកចាំទី Dean Henderson របស់ Forest មិនអាចជួយសង្គ្រោះបាល់នោះបានឡើយ។ឈានចូលដល់វគ្គទី២កីឡាករ Patson Daka បានប្តូរចូលជំនួសខ្សែប្រយុទ្ធ Jamie Vardy នៅនាទី៦២ក្រោយមកនៅនាទី៧៣រូបគេក៏រកគ្រាប់បន្ថែមមួយគ្រាប់ទៀតឲ្យក្រុម្ចាស់ផ្ទះក្រោយទទួលបានបាល់ពី Maddison។

ជ័យជម្នះដែលត្រូវបានទស្សនាដោយប្រធានក្លិបថៃ Aiyawatt Srivaddhanaprabha គឺជាការបិទ Clean Sheet លើកដំបូងផងដែរសម្រាប់ក្លិបកញ្ជ្រោងខៀវ Leicester City ក្នុងលីគរដូវកាលនេះ។

គ្រូបង្វឹកកញ្ជ្រោងខៀវបាននិយាយថា៖ “និយាយដោយស្មោះត្រង់ទៅវាដូចជាយូរពេកហើយ ពួកយើងគួរតែឈ្នះតាំងពីការប្រកួតមុនៗយើងមានការប្រកួតដ៏ស្វិតស្វាញមួយចំនួនប៉ុន្តែខ្ញុំគិតថាយប់នេះពួកយើងពិតជាអស្ចារ្យជាមួយនឹងភាពខ្លាំងនិងការលេងគាបសង្កត់របស់យើង។វាជារាត្រីដ៏អស្ចារ្យសម្រាប់កីឡាករហើយវាពិតជាអស្ចារ្យសម្រាប់អ្នកគាំទ្រ។ខ្ញុំបាននិយាយមុនការប្រកួតថាវាគឺជាការប្រកួតផ្លាស់ប្តូរជោគវាសនារបស់យើងប្រសិនបើទទួលបានលទ្ធផលល្អនោះវានឹងជម្រុញទឹកចិត្តយើងបន្ថែមទៀត”។

គ្រូបង្វឹករូបនេះបាននិយាយថារូបលោកបានចាក់វីដេអូនៃការបរាជ័យ4-1របស់Leicesterក្រោមថ្វីជើងក្រុមForest ក្នុងការប្រកួត FA Cup ជុំទី៤កាលពីខែកុម្ភៈឆ្នាំមុនជាការដាស់តឿនដល់កីឡាករឲ្យខំលេងយកជ័យជម្នះមកវិញហើយកីឡាករ Maddison បាននិយាយថាវាពិតជាមានប្រយោជន៍។

រូបគេបាននិយាយប្រាប់ Sky Sports ថា៖ “វាគឺជាការប្រកួតដ៏ល្អឥតខ្ជោះសម្រាប់ពួកយើងនៅយប់នេះ អ្វីគ្រប់យ៉ាងខ្ញុំមានអារម្មណ៍ថាត្រឹមត្រូវ ការរៀបចំក្រុមក្នុងសប្ដាហ៍នេះនិងក្រុមគ្រូបង្វឹកដែលបានណែនាំពួកយើងមុនការប្រកួតគឺពិតជាមានប្រយោជន៍។ខ្ញុំមានអារម្មណ៍ថាយើងពិតជាធ្វើវាបានល្អហើយវាជាយប់ដ៏អស្ចារ្យសម្រាប់ក្លិបទាំងមូល”។

ចំណែកគ្រូបង្វឹក Forest លោក Cooper បានបដិសេធមិនរិះគន់កីឡាករដែលទើបតែចុះហត្ថលេខាថ្មីៗដែលលេងមិនទាន់បានល្អឡើយប៉ុន្តែលោកបាននិយាយថាក្រុមទាំងមូលផ្តល់កន្លែងច្រើនពេកឲ្យ Leicester លេងនិងបានខ្ជះខ្ជាយឱកាសដែលពួកគេមាន។

លោកបាននិយាយថា៖ “ខ្ញុំមិនគិតពីសម្ពាធពីមជ្ឈដ្ឋានខាងក្រៅទេ ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ។ការព្រួយបារម្ភរឿងតួនាទីមិនមែនជាអ្វីដែលខ្ញុំត្រូវគិតនោះទេ អ្វីដែលត្រូវគិតគឺ Nottingham Forest បានប្រកួតចាញ់មួយប្រកួតទៀតហើយ”៕