Darwin Nunez បានចាកចេញពី Benfica មកចូលរួមជាមួយ Liverpool ក្នុងឆ្នាំនេះជាមួយនឹងតម្លៃខ្លួនប្រមាណ85លានផោនប៉ុន្តែរូបគេហាក់មិនសូវទទួលបានឱកាសចូលលេងច្រើនឡើយឲ្យហង្សក្រហម។រូបគេមានការចាប់ផ្តើមល្អជាមួយនឹងការបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងការប្រកួត Community Shield និងការប្រកួតបើកឆាក Premier League រដូវកាលថ្មី 2022-2023 ជាមួយ Fullham ប៉ុន្តែអ្វីៗបានធ្លាក់ចុះបន្តិចម្តងៗចាប់តាំងពីពេលនោះមក។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះបង្ហាញខ្លួនជាជម្រើសដំបូងបានតែ២ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ឲ្យ Liverpool រដូវកាលនេះហើយដោយសារតែគេត្រូវបានពិន័យមិនឲ្យចូលលេងបីប្រកួតផងនោះបន្ទាប់ពីទទួលបានកាតក្រហមពេលប៉ះជាមួយ Crystal Palace និងការបង្ហាញទម្រង់លេងដ៏ល្អរបស់ Roberto Firmino ក៏ជាឧបសគ្គមួយផងដែរសម្រាប់រូបគេក្នុងការប្រជែងកៅអីជម្រើស១១នាក់ដំបូង។
Jurgen Klopp បាននិយាយទាក់ទងនឹងរឿងនេះថាវាគ្រាន់តែជាដំណាក់កាលនៃការរស់នៅកន្លែងថ្មីប៉ុណ្ណោះសម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនៅពេលដែលគេស៊ាំនឹងកន្លែងថ្មីនិងក្រុមថ្មីនៅក្នុងប្រទេសអង់គ្លេសនោះវាមិនមានអ្វីដែលត្រូវព្រួយបារម្ភទៀតនោះទេ។
នៅពេលដែលសួរអំពីទំនុកចិត្តនិងទម្រង់លេងបច្ចុប្បន្នរបស់ Nunez លោក Klopp បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “វាល្អណាស់ ជាការពិតរូបគេកំពុងសម្របខ្លួនដូចដែលកីឡាករផ្សេងដែលផ្លាស់ទៅក្លិបថ្មីដែរ។ឲ្យតែមានកីឡាករថ្មីមកអ្នកគ្រប់គ្នាតែងតែនិយាយពីគេហើយចង់ឲ្យរូបគេបង្ហាញសមត្ថភាពបានល្អភ្លាមៗ។វាត្រូវការពេលវេលាសម្រាប់កីឡាករម្នាក់ៗ គ្រាន់តែថាអ្នកខ្លះឆាប់ អ្នកខ្លះយូរតែប៉ុណ្ណោះ”។
“កាលពីម្សិលមិញយើងក៏បាននិយាយពីរឿងនេះដែលហើយយើងទើបតែប្រាប់ពួកគេថាមិនមានបញ្ហាអ្វីចោទទេ។Nunez មើលទៅដូចជាមិនមានអ្វីត្រូវព្រួយបារម្ភឡើយរូបគេមិនបានចូលលេងពេញពេលប៉ះ Brighton ដោយសារតែគេទើបមកពីជម្រើសជាតិហើយមានបញ្ហារបួសសរសៃពួរ។នៅពេលដែលក្រុមគ្រូពេទ្យប្រាប់ថាកីឡាករយើងអាចលេងបានត្រឹមប៉ុន្នាននាទីនោះយើងមិនអាចដាក់ពួកគេឲ្យលេងលើសពី១៥ឬ២០នោះទេ។ប្រាកដណាស់ការពិន័យរូបគេបីប្រកួតពិតជាធ្វើឲ្យគេពិបាកក្នុងការសម្របខ្លួនជាមួយក្រុម។ ក្រុមរបស់យើងមានការប្រកួតប្រជែងខ្ពស់ដែលមិនមែនជាភាពងាយស្រួលសម្រាប់កីឡាករជាពិសេសគឺខ្សែប្រយុទ្ធ”។ Klopp បានបន្ថែម។