ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC CUP 2022 បានធ្វើឡើងកាលពីថ្ងៃទី22 ខែតុលា ឆ្នាំ២០២២កន្លងទៅដែលជាការជួបគ្នារវាង Al Seeb Club និង Kuala Lumpur City ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bukit Jalil នៃប្រទេសម៉ាឡេស៊ី។
ការប្រកួតបញ្ចប់ទៅដោយក្លិប Al Seeb មកពីប្រទេសអូម៉ង់ បានយកឈ្នះ KL City របស់ម៉ាឡាស៊ីដោយលទ្ធផល 3-0 ហើយបានគ្រងដំណែងជើងឯក AFC CUP 2022 និងជាការឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណ 27722 នាក់ក្នុងកីឡដ្ឋាន Bukit Jalil ពោលនៅនាទី១៨ ក្រុម KL City ប៊ិះនឹងរកគ្រាប់នាំមុខមុនបានទៅហើយតាមរយៈការស៊ុតរបស់ខ្សែបម្រើ Zhafri Yahya ប៉ុន្តែការស៊ុតនោះត្រូវបានសង្គ្រោះពីអ្នកចាំទី Ahmed Faraj Al Rawahi។
4នាទីក្រោយមកម្ចាស់ជើងឯកមកពីលីគកំពូលអូម៉ង់បានធ្វើឲ្យម្ចាស់ផ្ទះស្រឡាំងកាំងក្រោយការទាត់បាល់ចេញពីជ្រុងរបស់ Ali Sulaiman Al-Busaidi ត្រូវបានអ្នកចាំទីរបស់ KL CITY ចេញមកចាប់ខុសធ្វើឲ្យបាល់នោះចូលទីតែម្តង។ក្រុមរបស់លោក Rasheed Jabar Al-Yafai នៅតែបន្តធ្វើការវាយសម្រុករហូតឈានចូលដល់នាទៅ៣៧កីឡាករ Salaah Said Al Yahyaei បញ្ជូនបាល់កាត់ទៅខ្សែប្រយុទ្ធ Abdul Aziz Hamaid Al Muqbaili ជាអ្នកសម្រេចទីធ្វើឲ្យក្រុមរបស់គេនាំមុនបណ្តោះអាសន្ន 2-0 ។
ឈានចូលដល់វគ្គទី២ក្រុម KL City បានព្យាយាមវាយសម្រុកដើម្បីស្វែងរកគ្រាប់បាល់មកវិញប៉ុន្តែដោយសារមានភ្លៀងធ្វើឲ្យទីលានមានទឹកដក់ធ្វើឲ្យក្រុមការពារតំណែងជើងឯក Malaysia Cup មួយនេះពិបាកក្នុងការលេងលឿនៗដោយផ្ទុយទោវិញត្រូវបាន Al Seeb ទៅវិញទេដែលទទួលបានឱកាសវាយបកនឹងសម្រេចទីបានមួយគ្រាប់ទៀតនៅនាទី 69 ពីសំណាក់កីឡាករ Muhsen Al Ghassani លទ្ធផលនេះបានបន្តរហូតដល់ចប់៩០នាទី។
Al Seeb គឺជាក្លិបមកពីលីគកំពូលអូម៉ង់ទីមួយដែលបានឈ្នះពានរង្វាន់ AFC CUP ក្រោយការបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ីមួយនេះ។
ចំណែក KL CITY វិញបានក្លាយជាក្លិបទីពីរមកពីប្រទេសម៉ាឡេស៊ីដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFC CUP បន្ទាប់ក្លិប JDT អាចធ្វើបានកាលពីឆ្នាំ២០១៥និងបានឈ្នះពានរង្វាន់មួយនេះផងដែរក្រោយបំបាក់ក្រុម Istiklol ១-០ ។
សម្រាប់ប្រាក់រង្វាន់ជើងឯកក្នុងពានរង្វាន់ AFC CUP 2022 ទទួលបាន 1.5លានដុល្លាចំណែកជើងឯករងទទួលបាន75ម៉ុនដុល្លា។