អតីតគ្រូបង្វឹកក្រុម Arsenal លោក Unai Emery ត្រូវបានក្លិបបាល់ទាត់ Aston Villa ផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោកជាគ្រូបង្វឹកថ្មីបន្ទាប់ពីក្លិបបានបញ្ចប់តំណែង Steven Gerrard កាលពីពេលថ្មីៗកន្លងទៅ។
Gerrard ត្រូវបានបណ្តេញចេញពីតួនាទីកាលពីសប្ដាហ៍មុនបន្ទាប់ពីដឹកនាំក្រុមចាញ់ Fullham 3-0។ក្រោយការចាកចេញរបស់ Gerrard Aston Villa បែរជាធ្វើបានល្អភ្លាមៗដោយស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់ Aaron Danks កាលពីថ្ងៃអាទិ្យ ទី២៣ ខែតុលា Aston Villa បានយកឈ្នះ Brentford ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ 4-0។ប៉ុន្តែការឈ្នះនេះមិនបានបង្វែរការចាប់អារម្មណ៍របស់ក្លិបក្នុងការនាំយកលោក Emery មកកាន់ទឹកដី Villa Park ឡើយក្លិបនៅតែរក្សាជំហរក្នុងការនាំយកគ្រូបង្វឹករូបនេះមកដដែលបើទោះបីជាលោកមិនទាន់អាចដឹកនាំបាននៅសប្ដាហ៍នេះក៏ដោយ។
តាមសេក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ Aston Villa បានសរសេរថា៖ “ Uni Emery គឺជាគ្រូបង្វឹកលំដាប់កំពូលដែលសំបូរដោយបទពិសោធន៍ខ្ពស់ដោយធ្លាប់ដឹកនាំការប្រកួតជាង៩០០ប្រកួត រូបលោកក៏ធ្លាប់ស្គាល់ពីក្របខណ្ឌ Premier League កំឡុងពេលដឹកនាំ Arsenal និងធ្លាប់បានដឹកនាំក្រុមមួយនេះឡើងទៅវគ្គផ្តាច់ព្រ័ត្រ Europa League ថែមទៀតផង។ Emery ក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់មួយចំនួនផងដែរកាលដឹកនាំនៅ Sevillaនិង Paris Saint Germain ។កាលនៅ Seville រូបលោកបានឈ្នះ Europa League ចំនួនបីដងចន្លោះឆ្នាំ 2013 – 2016 មុនពេលបន្តទៅឈ្នះជើងឯក Ligue 1 នៅប្រទេសបារាំងព្រមទាំង French Cup 2ដង , French League Cup 2 និង Trophee des Champions ចំនួន២ដងថែមទៀតផង។ Unai នឹងចូលមកដឹកនាំក្លិបយើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២បន្ទាប់ពីការបំពេញបែបបទលិខិតអនុញ្ញាតការងាររបស់លោកត្រូវបានបញ្ចប់”។
Emery បានចូលរួមជាមួយ Villareal ក្នុងឆ្នាំ2020 បន្ទាប់ពីត្រូវបានក្លិប Arsenal បណ្តេញចេញកាលពីចុងឆ្នាំ២០១៩។រូបលោកបានចំណាយពេល 18 ខែនៅ Emirates ដោយត្រូវទទួលរ៉ាប់រងភារកិច្ចបន្តពីលោក Arsene Wenger ។ កំឡុងពេលនៅកាំភ្លើងធំរូបលោកបាននាំក្លិបមួយនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែទទួលបានត្រឹមជើងឯករងក្រោយចាញ់ Chelsea ក្នុងឆ្នាំ២០១៩។បន្ទាប់ពីចាកចេញពី Arsenal គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះបានជួយឲ្យ Villareal ឈ្នះ Europa League ដោយផ្តួល Manchester United នៅវគ្គផ្តាច់ព្រ័ត្រនិងជាការឈ្នះលើកទីបួនផងដែរក្នុងអាជីពជាគ្រូបង្វឹករបស់លោក។Emery ក៏បានជួយ Villareal ឲ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ផងដែរកាលពីរដូវកាលមុន(2021-2022)ខណៈដែលពេលនោះពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ៧ ឯណោះក្នុងលីគកំពូល La Liga របស់អេស្ប៉ាញ។
ការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League ដែលជាគោលបំណងរបស់ Unai Emery ត្រូវបានសម្រេចដូចចិត្តដោយកាលពីឆ្នាំមុនលោកបានបដិសេធឱកាសក្លាយជាអ្នកចាត់ការទូទៅរបស់ Newcastle United បន្ទាប់ពីការចូលកាន់កាប់ពីម្ចាស់ក្លិបថ្មីមកពីប្រទេសអារ៉ាប៊ីសាអូឌីត។
បើយោងតាមអ្នកកាសែតបាល់ទាត់របស់អេស្ប៉ាញលោក Guillem Balgue៖ Emery គឺជាគោលដៅទីមួយរបស់ Newcastle ប៉ុន្តែភាពមិនច្បាស់លាស់អំពីរចនាសម័្ពន្ធនិងចក្ខុវិស័យរបស់ក្លិបនៅពេលនោះទើបធ្វើឲ្យលោកសម្រេចចិត្តមិនចូលរួមជាមួយក្លិបមួយនេះ។