Skip to content
បាយ័នស្ទឹងមានជ័យបើកកម្មវិធីគុនខ្មែរថ្មីទី០៧
    ទំព័រដើម  »  កីឡាជាតិ

បាយ័នស្ទឹងមានជ័យបើកកម្មវិធីគុនខ្មែរថ្មីទី០៧

អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានបើកដំណើរការកម្មវិធីប្រដាល់គុនខ្មែរមួយទៀតហើយ ដែលជាកម្មវិធីទី០៧របស់ខ្លួន ចាប់ពីថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា តទៅ ដោយមានឈ្មោះថា អ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ ប្រព្រឹត្តទៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១២ថ្ងៃត្រង់។


លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកម្មវិធីប្រដាល់គុនខ្មែរទូរទស្សន៍បាយ័ន រំពឹងថា ការសហការគ្នាសាជាថ្មីជាមួយក្រុមហ៊ុននេះនឹងអាចរួមចំណែកជួយគុនខ្មែរកាន់តែល្បីលើឆាកអន្តរជាតិ។ លោកក៏បានថ្លែងអំណរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រកម្មវិធីគុនខ្មែរនៅស្ថានីយរបស់លោក។


លោក នាង ស៊ីវុត្ថា មានប្រសាសន៍បន្ថែមថា ក្រៅពីការប្រកួតមិត្តភាព កម្មវិធីថ្មីនេះក៏អាចនឹងការប្រកួតពិសេសៗដូចជាការប្រកួតខ្សែក្រវាត់, ដណ្ដើមប្រាក់លាន និងពានរង្វាន់ ថែមទៀតនាពេលអនាគតដើម្បីបម្រើអារម្មណ៍ទស្សនិកជនដែលជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ។ លោកក៏បានថ្លែងអំណរគុណដល់ក្លិប និងមន្ត្រីសហព័ន្ធទាំងអស់ដែលបានរួមចំណែករៀបចំគូប្រកួតល្អៗ និងប្រកួតអស់ពីសមត្ថភាព នាំឲ្យមានការគាំទ្រយ៉ាងពេញទំហឹង។ ដូច្នេះលោកជឿជាក់ថា កម្មវិធីថ្មីនេះនឹងទទួលបានការគាំទ្រយ៉ាងផុសផុល។


លោក គ្រួច ធារី តំណាងម៉ាទ្រីដបៀរថ្លែងថា ដោយសារមើលការរីកចម្រើននៃប្រដាល់គុនខ្មែរ ក្រុមហ៊ុនបានសម្រេចចិត្តចូលរួមជួយជ្រោមជ្រែងកីឡាមរតកខ្មែរមួយនេះកាន់តែល្បីល្បាញថែមទៀត។


ចំណែកឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទទូចដល់មន្ត្រីរបស់ខ្លួនទាំងអាជ្ញាកណ្ដាល ចៅក្រម និងគ្រូពេទ្យបំពេញការងារឲ្យបានល្អ ទាំងលើការកាត់សេចក្ដី និងសុខមាលភាពកីឡាករ កីឡាការិនី។ ឯកឧត្តមសង្កត់ធ្ងន់ថា កម្មវិធីថ្មីនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកស្ទួយគុនខ្មែរ ដូច្នេះកីឡាករ កីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព។


គួរបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន មានកម្មវិធីប្រដាល់គុនខ្មែរទាំងអស់ចំនួន០៧ គឺថ្ងៃសុក្រ មួយកម្មវិធី, ថ្ងៃសៅរ៍ ០៤កម្មវិធី និងថ្ងៃអាទិត្យ ០២កម្មវិធី៕