កាតារ ក្លាយជាម្ចាស់ផ្ទះទី១ក្នុងប្រវត្តិសាស្ត្រ៩២ឆ្នាំនៃព្រឹត្កិការណ៍ FIFA World Cup ដែលបានចាញ់ការប្រកួតបើកឆាក បន្ទាប់ពីត្រូវបានក្រុមមកពីឡាទីន គឺ អេក្វាឌ័រ ផ្ដួល២-០កាលពីយប់ថ្ងៃអាទិត្យទី២០ខែវិច្ឆិកាឆ្នាំ២០២២។
ក្រុមម្ចាស់ផ្ទះត្រូវបានក្រុមភ្ញៀវត្រួតត្រាការប្រកួត និងទាត់បញ្ចូលទី២គ្រាប់ដោយខ្សែប្រយុទ្ធ Enner Valencia ដែលជាអតីតសមាជិកក្លិប West Ham United, Everton និងបច្ចុប្បន្នកំពុងលេងឱ្យក្លិបតួកគី Fenerbahce។
ការប្រកួតកៅឆាយពូល A ដែលធ្វើឡើងនៅកីឡដ្ឋាន Al Bayt Stadiu នៅចំពោះមុខទស្សនិកជនផ្ទាល់៦៧.៣៧២នាក់ អេក្វាឌ័រ បានបើកការនាំមុខក្នុងនាទី១៦ ដោយបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយប្រធានក្រុមវ័យ៣៣ឆ្នាំ Valencia វាជាលើកទីមួយហើយដែលប្រទេសជាម្ចាស់ផ្ទះបានចាញ់ក្នុងការប្រកួតបើកឆាកចាប់តាំងពីការប្រកួត World Cup ឆ្នាំ 1930 នៅអ៊ុយរូហ្គាយ។ កាលពីមុន ដោយឈ្នះ 16 ដង និងស្មើ 6 ដង (ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ 2002 កូរ៉េ-ជប៉ុន) មិនដែលចាញ់ ប៉ុន្តែកំណត់ត្រានោះត្រូវបានបំបែកនៅពេលនេះ។
កាតាបានរបូតគ្រាប់បាល់ដោយ Enner Valencia ហើយ១៥នាទីបន្ទាប់មក ខ្សែប្រយុទ្ធដដែលក៏ធ្លាប់លេងឱ្យក្លិប Pachuca និង Tigre UANL របស់ម៉ិកស៊ីកូផងនោះ រកបានមួយគ្រាប់ទៀត។
មែនទែនទៅ អេក្វាឌ័រ បានដាក់សម្ពាធភ្លាមៗតាំងពីកែបាល់ដំបូង ហើយបានបំប៉ោងសំណាញ់ទីកាតារតាំងពីនាទីទី៣ ដោយការតែតរបស់ Valencia ប៉ុន្តែត្រូវបានលុបចោល បន្ទាប់ពីការពិនិត្យមើលវីដេអូ (VAR) ឃើញថាជំហររបស់គេអកហ្សឺ។
កាតារបានបើកការវាយសម្រុកដើម្បីរកគ្រាប់បាល់ត្រលប់មកវិញនៅក្នុងវគ្គទីពីរ ហើយអ្នកគាំទ្រកាតារពេញកីឡដ្ឋានបានស្រែកហ៊ោយ៉ាងខ្លាំងប៉ុន្តែមិនបានផលអ្វីសោះ។ នៅចុងវគ្គទីពីរ កាតារ មានឱកាសល្អមួយជើង តែការស៊ុតរបស់ Mohammed Muntari មិនបានផល។
នៅទីបញ្ចប់ កាតារ បានក្លាយជាក្រុមម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានចាញ់ការប្រកួតបើកឆាក FIFA World Cup។ តាំងពី FIFA World Cup ត្រូវបានប្រារព្ធឡើងដំបូងនៅអ៊ុយរុយហ្កាយក្នុងឆ្នាំ១៩៣០មក ពុំដែលមានក្រុមម្ចាស់ផ្ទះណាចាញ់ការប្រកួតនៅថ្ងៃបើកឆាកឡើយ មុនពេល កាតារ បានជួបរឿងនេះ។
ដោយឡែក សូមជម្រាបថានៅថ្ងៃចន្ទទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះ មានការប្រកួតចំនួន៣គូ ដោយក្រុមអាស៊ីមួយទៀតគឺ អ៊ីរ៉ង់ ត្រូវតតាំងទល់ក្រុមខ្លាំងអឺរ៉ុប អង់គ្លេស នៅម៉ោង៨យប់ ក្នុងពូល B មុនពេល ហុល្លង់ ប្រឈមមុខជាមួយ សេណេហ្កាល់ នៅម៉ោង១១យប់ដែលជាប្រកួតក្នុងពូល A និងមួយគូទៀត អាមេរិក ប៉ះ វេលស៍ ម៉ោង២រំលងអធ្រាត្រ ដែលជាជំនួបក្នុងពូល B។