Skip to content
ទោះអវត្តមានខ្សែប្រយុទ្ធមុតស្រួចម្នាក់តែគ្រូថៃថាមិនមានបញ្ហាអ្វីទេក្នុងជំនួបជាមួយវៀតណាម
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទោះអវត្តមានខ្សែប្រយុទ្ធមុតស្រួចម្នាក់តែគ្រូថៃថាមិនមានបញ្ហាអ្វីទេក្នុងជំនួបជាមួយវៀតណាម

ក្រុមបាល់ទាត់ជម្រើសជាតិថៃនឹងធ្វើការប្រកួតការពារតំណាងជើងឯករបស់ខ្លួន ជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជើងទី១ វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Cup 2022 នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កីឡដ្ឋាន My Dinh National Stadium វេលាម៉ោង ៧:៣០នាទីយប់ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្រុមដំរីសឹកថៃឈានដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់វាយបកឈ្នះក្រុម ជម្រើសជាតិម៉ាឡេស៊ី៣ ទល់នឹង០ ក្នុង ជំនួប ជើងទី២ក្នុងទីក្រុងបាកក ។ បន្ទាប់ពីចាញ់ការប្រកួតជើងទី១ ក្នុងលទ្ធផល ១-០ នៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃសៅរ៍កន្លងទៅ។ ចូលមកដល់ជំនួបជើងទី២ ក្នុងកីឡដ្ឋានThammasat កីឡាករថៃTeerasil Dangda បានបើកការនាំមុខនៅមុខ នៅក្នុងនាទីទី២០ បន្ទាប់មកBordin Phala បន្ថែមគ្រាប់នាំមុខ១គ្រាប់ទៀត១០នាទីដំបូងក្នុងវគ្គទី២។ កីឡាករបម្រុង Adisak Kraisorn ដែលជំនួសកីឡាករ Teerasil Dangda ដែលរងរបួសនោះ បានស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅក្នុងនាទី៧០ សរុបលទ្ធផលទាំងពីរជើងក្រុមជម្រើសជាតិថៃឈ្នះក្រុមម៉ាឡេស៊ីជាមួយលទ្ធផល ៣ទល់នឹង១ ហើយបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកទី១០របស់ខ្លួន។

អ្នកចាត់ការក្រុមជម្រើសជាតិថៃ លោកAlexandré Pölking បាននិយាយថា ” ការឈ្នះនេះបានមកពីការប្រឹងប្រែងរបស់កីឡាករយើងទាំងអស់ ហើយអ្នកគាំទ្រថៃមានមោទនភាពចំពោះការលេងរបស់កីឡាករយើង។ លោកបន្ថែមទៀតថា ការប្រកួតជើងទី១ នៅទីក្រុងហាណូយមិនមែនជាការប្រកួតដែលងាយស្រួលនោះទេ ក្រុមវៀតណាមមានផលចំណេញច្រើនក្នុងជើងទី១នេះដោយសារតែក្រុមគេបានប្រកួតនៅក្នុងដី
ហើយមានពេលសម្រាកគ្រប់គ្រាន់។ ពួកយើងនឹងលេងអោយបានល្អបំផុតក្នុងជើងទី១នេះ មុននឹងការប្រកួតជើងទី២ នៅក្នុងទឹកដីរបស់យើងក្នុងកីឡដ្ឋានThammasat Stadium។

Alexandré Pölking បាននិយាយជុំវិញបញ្ហារបួស Teerasil Dangda ថា “គាត់មិនបានដឹងអំពី ទំហំរបួស របស់ Teerasil នៅឡើយទេ តែនេះ មិនមែន ជា បញ្ហា ធំ ទេ ព្រោះ យើង មាន Adisak ដែល អាច លេង ជំនួសកន្លែងរបស់គេបាន”។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធចាស់វស្សា Teerasil Dangda មានបញ្ហារបួសក្នុងជំនួបជើងទី២ ក្នុងជំនួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្រោយរូបគេបានស៊ុតបញ្ចូលទី១គ្រាប់ក្នុងវគ្គទី១ ចូលមកដល់វគ្គទី២ខ្សែប្រយុទ្ធពាក់អាវលេខ១០ បានផ្លាស់ប្ដូរចេញដោយសារបញ្ហារបួសជំនួសវិញដោយខ្សែប្រយុទ្ធ Adisak Kraisorn ។ Teerasil Dangda បច្ចុប្បន្នកំពុងនាំមុខកំពូលតារាងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំពានរង្វាន់ AFF Cup 2022 ក្នុងនោះរូបគេកំពុងមាន ៦ គ្រាប់ ឈរពីលើកីឡាករវៀតណាមNguyễn Tiến Linh មាន៥ គ្រាប់នៅក្នុងដៃ។