កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាកាត់អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតប្រដាល់សកល ជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championship) នៅប្រទេសថៃ។ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីដោយប្រជែងបានមេដាយសំរិទ្ធ មួយគ្រឿង និងមួយរូបទៀតត្រៀមប្រជែងយកមេដាយមាសបន្ទាប់ពីឈ្នះអ្នកប្រដាល់ គៀជីស្ថាន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្មីៗនេះ។ ដោយមានមេដាយប្រាក់ក្នុងដៃរួចជាស្រេចដែលជោគជ័យនេះបានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានការជឿជាក់កាន់តែខ្ពស់ក្នុងការប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
បន្ទាប់ពីកីឡាករមានទម្ងន់៩២គីឡូក្រាមរូបនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថា ជោគជ័យរបស់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗបែបនេះជាសញ្ញាមួយដ៏ល្អ និងជាការបង្ហាញថា ជាការត្រៀមខ្លួនបានរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងនេះជាទិសដៅដែលសហព័ន្ធបានកំណត់ និងបានខិតខំប្រឹងប្រែងតាំងពីយូរណាស់មកហើយ។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា សម្រាប់ការទទួលបានមេដាយប្រាក់ និងការបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់ រ៉ាចាពៅ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហព័ន្ធ ដែលពីមុនមកយើងមិនធ្លាប់ទទួលបានកម្រិតអាស៊ីទេ។ ដូច្នេះជាកំណត់ត្រាថ្មីដែលសហព័ន្ធបានបំបែកវាបាន ហើយវាជាការជំរុញទឹកចិត្តមួយឲ្យសហព័ន្ធបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យទទួលបានជោគជ័យសម្រាប់ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ។
លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា ៖«ការឡើងដល់វគ្គផ្ដាច់ព្រ័ត្រកម្រិតអាស៊ីនេះគឺជាសញ្ញាដ៏ល្អមួយសម្រាប់កម្ពុជាយើង។ វាបង្ហាញថា កម្ពុជាយើងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងយកមេដាយសម្រាប់ស៊ីហ្គេម២០២៣ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ យើងក៏ជឿជាក់ដែរថា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះយើងនឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀតជូនប្រទេសជាតិ»។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង២រសៀលតទៅ ដោយកីឡាករខ្មែរ-អ៊ូសបេគីស្ថា រ៉ាចាពៅ ត្រូវជួបជាមួយ កីឡាករមក អ៊ូសបេគីស្ថាន ដូចគ្នា។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនកីឡាករ ៣រូប និងកីឡាការិនីមួយរូប ទៅចូលរួមប្រកួត។ កីឡាករទាំង ៣រូប មានពេញ វណ្ណថង ទម្ងន់៦៧គីឡូក្រាម,ហ៊ុន គឹម ហ៊ាង ទម្ងន់៧១គីឡូក្រាម,រ៉ាចាពៅ អាប់ឌុលឡា ទម្ងន់៩២គីឡូក្រាម និងកីឡាការិនី វី ស្រីស្រស់ ទម្ងន់៥៧គីឡូក្រាម។ ហើយព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ២១ ចូលរួមដែលចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ ២៧ មករា ២០២៣ នៅប្រទេសថៃ។
គួររលឹកថា នេះជាលើកទី២ហើយសម្រាប់កីឡាករ រ៉ាចាពៅ អាប់ឌុលឡា សម្រាប់ការប្រកួតតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗ ខណៈលើកទី១ កាលពីឆ្នាំ២០២០ កីឡាកររូបនេះក៏បានចូលរួមប្រកួតជើងឯកអាស៊ីដូចគ្នាដែរ នៅប្រទេស ហ៊្សកដានី ដោយកាលនោះបានធ្លាក់ត្រឹមវគ្គ១/៤ បន្ទាប់ពីឈ្នះជុំដំបូងលើកីឡាករកូរ៉េខាងត្បូង៕