Skip to content
Man City ចាប់អារម្មណ៍កីឡាករពីររូបរបស់ Aston Villa​ តម្លៃ១០០លានផោន
    ទំព័រដើម  »  កីឡាអន្តរជាតិ

Man City ចាប់អារម្មណ៍កីឡាករពីររូបរបស់ Aston Villa​ តម្លៃ១០០លានផោន

Manchester City កំពុងចាប់អារម្មណ៍ចង់បាន ខ្សែបម្រើកំពុងលេចធ្លោ Jack Grealish ដែលជាប្រធានក្រុម Aston Villa នេះបើតាមប្រភពពីសារព័ត៌មាន The Star។

កីឡាករវ័យ២៥ឆ្នាំរូបនេះ ត្រូវបានក្លិប Manchester United តាមទិញ អំឡុងការដោះដូរកាលពីរដូវក្ដៅកន្លងទៅ មុនពេលដែលរូបគេ បានព្រមព្រៀងបន្ដកុងត្រាថ្មីជាមួយ Aston Villa រយៈពេល៥ឆ្នាំ។

ប៉ុន្ដែនៅពេលថ្មីៗនេះ មានការរាយការថា កីឡាករអង់គ្លេស ត្រូវបានកំណត់ជាគោលដៅសម្រាប់ក្រុម Man City ដែលដឹកនាំដោយលោក​ Pep Guardiola ដោយយល់ឃើញថា រូបគេជាកីឡាករល្អសម្រាប់បន្ថែមទៅលើកីឡាករល្អៗនៅក្នុងក្រុមដែលមានស្រាប់។

នៅក្នុងរដូវកាលនេះ Grealish លេងបានកាន់តែល្អ សម្រាប់ Aston Villa នៅ Premier League ជាពិសេសបានជួយឱ្យពួកគេយកឈ្នះក្រុមជើងខ្លាំង Liverpool និង Arsenal ថែមទៀតផង។

ក្លិបមេឃខៀវ ក៏ចង់បាន ខ្សែបម្រើ Douglas Luiz ត្រលប់មកទឹកដី Etihad វិញផងដែរ បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះ បានផ្ទេរមកកាន់ Aston Villa កាលពីឆ្នាំមុន ក្នុងតម្លៃ១៥លានផោន។

ប្រសិនបើ Man City ចង់បាន កីឡាករវ័យ២២ឆ្នាំរូបនេះត្រលប់ទៅវិញ ពួកគេត្រូវចំណាយ២៥លានផោន ហើយបើបូករួម ៧៥លានផោនទៀតពីតម្លៃរបស់ Grealish ក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុង មែនឆេស្ទើរត្រូវចំណាយសរុប ១០០លានផោន៕