Skip to content
Sir Alex និយាយម៉េចខ្លះពេលគេឲប្រៀបធៀប Ronaldo ជាមួយ Messi?
    ទំព័រដើម  »  កីឡាអន្តរជាតិ

Sir Alex និយាយម៉េចខ្លះពេលគេឲប្រៀបធៀប Ronaldo ជាមួយ Messi?

អតីតគ្រូបង្វឹកក្រុម Manchester United លោក Sir Alex Ferguson បានបង្ហាញការយល់ឃើញជុំវិញការប្រៀបធៀបរវាង កំពូលខ្សែប្រយុទ្ធពីររូបនាពេលបច្ចុប្បន្ន គឺ Cristiano Ronaldo និង Lionel Messi។

 មានការប្រៀបធៀបជាហូរហែ កន្លងមកដោយមតិខ្លះថា Ronaldo ល្អជាងព្រោះខ្សែប្រយុទ្ធព័រទុយហ្គាល់នៅតែអាចរកគ្រាប់បាល់បានច្រើន ជាមួយក្លិបផ្សេងគ្នា ហើយមតិខ្លះទៀតថា Messi ជាកីឡាករល្អបំផុត ទើបទទួលបានពានកីឡាករល្អបំផុត Ballon dÓr ច្រើនជាងគេបង្អស់ ពោលគឺ៦លើក។

ដោយឡែក លោក Ferguson ដែលធ្លាប់បង្វឹក Ronaldo ឱ្យក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូប អស់រយៈពេល៦ឆ្នាំនៅទឹកដី Old Trafford បានបង្ហាញទស្សនៈរបស់ខ្លួនសម្រាប់ការប្រៀបធៀប កីឡាករឆ្នើមទាំងពីរ។

បុរសវ័យ៧៨ឆ្នាំបាននិយាយថា៖ “មានគេនិយាយថា តើនរណាជាកីឡាករល្អបំផុតលើលោក? ហើយមនុស្សជាច្រើន ច្បាស់ជានិយាយថា Messi។ អ្នកមិនអាចជំទាស់ នឹងទស្សនៈនេះបានទេ”។

“ប៉ុន្ដែ Ronaldo អាចលេងឱ្យក្រុម Millwal, Queen Park Rangers, Doncaster Rovers…ឬក្លិបណាមួយ ហើយអាចស៊ុតហេទទ្រីគនៅក្នុងការប្រកួត។ ខ្ញុំមិនប្រាដកថា Messi អាចធ្វើបានឬអត់ទេ។ Ronaldo ប្រើជើងបានល្អទាំងពីរ គេរហ័ស លេងបាល់លើបានអស្ចារ្យ គេក្លាហាន។ តាមពិតទៅ Messi ក៏ក្លាហានដែរ តែខ្ញុំគិតថា គេស្មោះស្មគ្រ័ជាមួយ Barcelona”។

គិតមកទល់បច្ចុប្បន្ន Ronaldo បានលេងក្នុងកម្រិតកំពូលពិភពលោក នៅបីក្លិបផ្សេងគ្នា គឺ Man United, Real Madrid និង Juventus ហើយបានឈ្នះពានជាច្រើន ខណៈ Messi នៅតែជាមួយ Barcelona តែមួយក្លិប៕