ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា Nick Taylor ដែលទើបតែមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីពេលថ្មីៗនេះ និងពុំអាចលេងឲ្យក្រុមថ្មីរបស់គេក្នុងពានរង្វាន់ Cambodian League Cup បានឡើយដោយសារតែការដោះដូរកីឡាកររវាងកម្ពុជា និង អន្តរជាតិពុំទាន់បើកនៅឡើយ។
យោងតាមការចុះផ្សាយលើវេសាយផ្លូវការរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ Nick Taylor នឹងពុំអាចលេងនៅក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឡើយ គឺពុំអាចចុះឈ្មោះរបស់គាត់ទៅក្នុងប្រព័ន្ធ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ។នេះមានន័យថាក្លិបគឺ ពុំអាចស្នើសុំវិញ្ញាបណ្ណបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបជាផ្លូវការនៅឡើយ។
ដោយការដោះដូរកីឡាករកម្ពុជាអន្តរជាតិនឹងបើកឡើងវិញនៅខែមិថុនា ហើយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថានឹង ធ្វើយ៉ាងណាស្នើសុំវិញ្ញាបណ្ណបត្រដោះដូរកីឡាករ សម្រាប់កីឡាករកូនកាត់ខ្មែរ អាមេរិក ឲ្យរួចរាល់ក្នុងពានរង្វាន់ខេមបូឌានព្រីមែរលីគ និងហ៊ុនសែនខាប់ ក្នុងរដូវកាល២០២៣/២០២៤។
គួរជម្រាបថា Nick Taylor ជាអតីតកីឡាករនៅក្នុងក្រុមB របស់ក្លិប Orlando City នៅសហរដ្ឋអាមេរិច ដែលរូបគេទើបតែចប់កិច្ចសន្យាជាមួយក្លិបអន្តរជាតិមួយនេះកាលពីពេលថ្មីៗ។ កីឡាករកូនកាត់ខ្មែរ អាមេរិច ត្រូវបានក្រុមជម្រើសជាតិកម្ពុជាកោះហៅជាលើកដំបូង ក្នុងជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេសកាលពីខែកញ្ញាឆ្នាំ២០២២។ កីឡាករវ័យ២៣ឆ្នាំ រូបគេបានបង្ហាញខ្លួនឲ្យក្រុមគោព្រៃកម្ពុជាបានចំនួន៥លើក ដោយរកបាន១គ្រាប់ផងដែរ ជំនួបជាមួយក្រុមប្រ៊ុយណេនៅក្នុងពានរង្វាន់ AFF Cup 2023៕