WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយកីឡាករកម្ពុជា២រូបនឹងត្រូវតទល់គ្នាលើសង្វៀន៨ទិសដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ ។ នោះគឺការប៉ះគ្នារវាងកីឡាករ វ៉ាន់ វឿន ជាមួយកីឡាករ បឺត សង្ឃឹម។ អ្នកទាំង២ក៏ធ្លាប់មានប្រវត្តិប៉ះគ្នាច្រើនលើកច្រើនសារដែរ ហើយលទ្ធផលវិញគឺមានឈ្នះចាញ់ទៅមក ។ ក្រៅពីគូដណ្តើមខ្សែក្រវាត់ក៏នៅមានគូដណ្តើមចំណាត់ថ្នាក់លេខ៣ផងដែរវាង ស៊ន រ៉ាគីម និង គង់ ហូវ។
ក្រៅពីគូខ្សែក្រវាត់ IPCC Kun Khmer ក៏នូវមានការប្រកួតដ៏គួរអារម្មណ៍ក្នុងចំណោមអ្នកគាំទ្រគុនខ្មែរ នោះជាការប្រកួត 1Vs3 ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ ដែល ធឿន ធារ៉ា ម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Champion នឹងត្រូវស្វាគមន៍កីឡាករបរទេសមកពី៣ជាតិសាសន៍ផ្សេងគ្នា។
ការប្រកួតធ្វើឡើងក្នុងច្បាប់១ទឹក៩នាទី។ បើធឿន ធារ៉ា អាចទទួលបានពានប្រសិនបើអាចផ្តួលដៃគូសន្លប់ទាំង៣នាក់ ប៉ុន្តែបើផ្តួលបានក្រោម៣នាក់នឹងទទួលបានប្រាក់រង្វាន់ទៅតាមលក្ខណ្ឌដែលបានកំណត់។ ធឿន ធារ៉ា ក៏ធ្លាប់ចំណាយពេលមិនដល់ពាក់កណ្តាលផ្លូវផងផ្តួលកីឡាករ៣រូបឱ្យសន្លប់ និងគ្រងពានកណ្តាប់មាសគុនខ្មែរមុនគេ។ ក្រៅពីគូសំខាន់ៗនេះក៏នៅមានគូប្រកួតជក់ចិត្តជាច្រើនទៀតសម្រាប់ការបិទបញ្ចប់រដូវកាលទី២។
ការប្រកួតដ៏អស្ចារ្យនេះធ្វើឡើងនាថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល រាជធានីភ្នំពេញ ចាប់ពីម៉ោង៧ល្ងាចតទៅ និងផ្សាយផ្ទាល់លើទូរទស្សន៍ Town Full HDTV, ហ្វេសប៊ុកផេក Town Full HDTV និង WURKZ។
ដូច្នេះសូមរង់ចាំទស្សនាថាតើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ដ៏អស្ចារ្យនៅរដូវកាលទី២ប្រចាំសង្វៀនគុនខ្មែរ។ គួរដឹងដែរថា អ្នកដែលនៅពីក្រោយភាពល្បីល្បាញដែលធ្វើឲ្យគុនខ្មែរល្បីមកដល់សព្វថ្ងៃក្នុងកម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសនេះ មានអ្នកឧកញ៉ា លាង ម៉េង និង អ្នកឧកញ៉ា លាង ឃុន៕