Skip to content
Cambodian Premier League បានដៃគូឧបត្ថម្ភថ្មីមួយទៀតភ្ជាប់គោលដៅកាន់តែពិសេស
    ទំព័រដើម  »  កីឡាជាតិ

Cambodian Premier League បានដៃគូឧបត្ថម្ភថ្មីមួយទៀតភ្ជាប់គោលដៅកាន់តែពិសេស

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងវឌ្ឍនៈប្រ៊ូវើរីបានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការឧបត្ថម្ភរវាងភាគីទាំង២។

ពិធីដ៏ពិសេសនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកវឌ្ឍនៈប្រ៊ូវើរី និងលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។

ក្នុងឱកាសនោះ លោក Satoshi Saito បានចាត់ទុកជាប្រវត្តិសាស្ត្រនៃការចូលរួមជួយ Cambodian Premier League ពីសំណាក់ដៃគូឧបត្ថម្ភថ្មីនេះ។ នេះជាផ្នែកដែល ចង់បន្តកិច្ចសន្យារយៈពេលវែងថែមទៀត។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ថា នេះជាឱកាសជួយគ្នាទៅវិញទៅមកដូចដែលបេសកកម្មរបស់ក្រុមហ៊ុនអ្នកឧកញ៉ាដែលតែងតែចូលរួមចែករំលែកភាពសប្បាយរីករាយ។

លោកសង្កត់ធ្ងន់ថា បាល់ទាត់ជាផ្នែកនៃការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ វាមានទាំងភាពសប្បាយរីករាយ រំភើប ដែលបាល់ទាត់តែងតែមាន។ បាល់ទាត់ក៏នាំការរួបរួមសហគមន៍ធ្វើឱ្យកាន់តែល្អប្រសើរ និងស្មារតីរួមគ្នាក្នុងសង្គម។ តាមរយៈភាពជាដៃគូ ក្រុមហ៊ុនរបស់លោកនឹងប្ដេជ្ញាចូលរួមបន្តទៀត ជាពិសេសចង់ឱ្យជម្រើសជាតិមានឱកាសលេងដល់កម្រិត FIFA World Cup ហើយនេះក៏ជាគោលដៅរួមរបស់ប្រជាជនកម្ពុជាដែរ។ ដូច្នេះហើយបានជាក្រុមហ៊ុនលោកចូលរួមជួយ Cambodian Premier League ដើម្បីឱ្យលីគកាន់តែរឹងមាំ។

លោកក៏សូមអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្របាល់ទាត់ជាតិ។

គួរដឹងដែរថា ការប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២៣/២០២៤ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ដោយមាន១០ក្រុមចូលរួម៕