ការប្រកួតខេមបូឌានព្រីមៀរលីគ២០២៣/២០២៤ សប្តាហ៍ទី៥រវាង អាយអេសអាយ ដង្កោសែនជ័យ និង ណាហ្គាវើលដ៍ កាលពីយប់ថ្ងៃអាទិត្យទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយគ្មានអ្នកឈ្នះនិងអ្នកចាញ់ឡើយ ហើយមានភាពចម្រូងចម្រាសមួយកើតឡើងផងដែលនៅត្រង់គ្រាប់បាល់របស់កីឡាករ សុះ ស៊ូហាណា ត្រូវអាជ្ញាកណ្តាលលុបចោល។
ក្នុងការប្រកួតដែលចាប់ផ្តើមនៅម៉ោង ៦ល្ងាច នៅកីឡដ្ឋាន អេ អាយ អេ KMH park ខេអឹមអេចផាក ក្រុមភ្ញៀវបានកែបាល់មុន ដោយក្នុងនាមជាក្រុមភ្ញៀវក៏ពិតមែនតែហាក់មានការដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះជាគំហុក និងបានបង្កើតឱកាសល្អៗជាច្រើន។ ស្ថិតក្នុងម៉ោងបន្ថែមនៃវគ្គទីមួយ ខ្សែការពារ កែវ សារ៉ាត់ បានបង្កកំហុសលើខ្សែប្រយុទ្ធ Cristian ដែលបាល់ពិន័យមួយនេះហើយដែល Cristian បានបំបែកពងមាន់ជូនក្រុមខ្លួនតាមរយៈការទាត់បាល់ Free-kick បានយ៉ាងល្អ។
ដើមវគ្គទីពីរក្រោយសម្រាក ១៥ នាទី អាយ អេស អាយ ដង្កោសែនជ័យ បានព្យាយាមសម្រុកក្រុមភ្ញៀវជាខ្លាំងត្រឹម ២នាទីដំបូងនៃវគ្គទីពីរ អាយ អេស អាយ បានស៊ុតបាល់តាមស្មើវិញដោយកីឡាករ ឌុច សោភា នៅនាទី ៤៧ ដោយមានការសហការពីខ្សែប្រយុទ្ធ សារី តៃម៉ូ ផងដែរ។
ក្រោយតាមស្មើគ្នា ១ទល់ ១ ការប្រកួតកាន់តែមានភាពជក់ចិត្តបន្ថែមដោយក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក លុះស្ថិតក្នុងម៉ោងបន្ថែមក្នុងវគ្គទីពីរ ណាហ្គា មាន ឱកាសទាត់បាល់ចេញពីជ្រុងដោយពេលនោះអ្នកចាំទី គង់ ច័ន្ទវុទ្ធី បានទះបាល់ចេញផុតតែមានកីឡាកររបស់ ណាហ្គា បានបុករូបគេពីក្រោយហើយ សុះ ស៊ូហាណា ក៏បន្ថែមបញ្ជូលទី តែត្រូវអាជ្ញាកណ្តាលមិនឱ្យ ក្រោមហេតុផលមានការប៉ះទង្គិចលើអ្នកចាំទី។
នៅក្រោយការប្រកួតក្រុមទាំងពីរចែកគ្នាម្ខាង ១ ពិន្ទុ គ្រូបង្គោលក្រុម ណាហ្គាវើលដ៍ លោក ឃឹម បូរី បានពេញចិត្តនឹងគុណផងរបស់កូនក្រុមលោក ប៉ុន្តែលោកមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាលលោក ថន ថាវ័ន្ត ឡើយជាពិសេសនៅត្រង់ចំណុចដែលក្រុមរបស់លោកទាត់បាល់បញ្ជូលទីហើយតែមិនឱ្យទៅវិញ។ លោក បូរី បានលើកឡើងថា
“ចំពោះការកាត់សេចក្តីរបស់គាត់មានបញ្ហាច្រើន ចំពោះការសម្រេចចិត្តមានភាពយឺតយ៉ាវ ហើយពួកគាត់ត្រូវការអភិវឌ្ឃន៍បន្ថែមទៀត” ។
តែសម្រាប់អ្នកចាំទី គង់ ច័ន្ទវុទ្ធី របស់ក្រុមម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោសែនជ័យ វិញដែលជាប់ជាកីឡាករល្អប្រចាំការប្រកួតនោះបានលើកឡើងថា
“ខ្ញុំមិនបានដឹងថានរណាអ្នកបុកខ្ញុំ ព្រោះតែជាប់ផ្តោតអារម្មណ៍ជាមួយបាល់ ដឹងត្រឹមតែក្រោយដួលឃើញបាល់បញ្ជូលទីតែអាជ្ញាកណ្តាលពិន័យមិនឱ្យនេះចូលទីវិញ” ។
ណាហ្គាវើលដ៍ ដែលជាអតីតជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល សម្រាប់ប្រាំប្រកួតដំបូងនៃរដូវកាលថ្មីនេះពួកគេទើបតែឈ្នះ ១ និងស្មើ ១ ប្រកួតនោះទេ តែចាញ់រហូតដល់ទៅ ៣ប្រកួតជាប់គ្នា ដោយរបូតគ្រាប់បាល់ ១៣ គ្រាប់និងទាត់បញ្ជូលទីគេបានត្រឹម ៩គ្រាប់ប៉ុណ្ណោះ។ សម្រាប់ក្រុមដែលទើបតែឡើងមកពីលីគទី២ អាយ អេស អាយ ដង្កោសែនជ័យ វិញគិតត្រឹម ៥សប្តាហ៍កន្លងមកនេះពួកគេទាត់បញ្ជូលទីគេត្រឹម ៣គ្រាប់ និងរបូតគ្រាប់បាល់ដល់ទៅ ១២គ្រាប់ឯណោះ៕