ធន់ ចាន់តាក់ បាននិយាយថាការសម្រេចចិត្តចោលគ្រួសារមួយរយៈមកស្នាក់នៅក្លិប ដើម្បីមានពេលវេលាច្រើន មានការត្រៀមខ្លួនបានល្អជាងសព្វមួយដងក្នុងឱកាសប្រជែងក្រវាត់ខារ៉ាប៉ាវក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមនាពេលឆាប់ៗខាងមុខ។ កីឡាកររហ័សនាមទន់ភ្លន់ តែមិនទន់ជ្រាយរូបនេះថាក្រោយមានឈ្មោះជាថ្មីក្នុងការប្រកួតលក្ខណៈវិលជុំដណ្តើមខ្សែក្រវាត់បែបនេះ ខ្លួនមានការតាំងចិត្តខ្ពស់ និងបុកហ្វឹកហាត់ខ្លាំង។
ម្ចាស់ខ្សែក្រវាត់២ខ្សែដ៏ដែលនេះ ក៏បានបន្តទៀតថាមានការបារម្ភខ្លះដែលសម្រាប់សមាសភាពគូប្រកួតទាំងអស់ តែ ចាន់តាក់ សង្កត់ធ្ងន់ថាហាក់បារម្ភខ្លាំងសម្រាប់សមាសភាពកីឡាករជាតិជាងបរទេស។
“សម្រាប់ខ្ញុំគោលដៅគឺខ្ញុំស្រឡាញ់ខ្សែក្រវាត់ ចង់បានខ្សែក្រវាត់បង ហើយខ្ញុំហ្វឹកហាត់មិនទទួលឈ្មោះប្រកួតទៀតទេ ចាំតែចូលប្រកួតខ្សែក្រវាត់ផ្ទាល់តែម្តង”។
នេះជាការប្រជែងស្វែងរកខ្សែក្រវាត់ទី ៣ នៅក្នុងអាជីពរបស់កីឡាករមានប្រភពពីខេត្តកំពង់ឆ្នាំង ធន់ ចាន់តាក់ កន្លងមករូបគេធ្លាប់គ្រងខ្សែក្រវាត់ ២ខ្សែក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម និងប្រភេទទម្ងន់ ៦៣គីឡូក្រាម៕