ក្រុមជម្រើសជាតិម៉ាលី និង ទុយណេស៊ី បានឡើងទៅជុំចុងក្រោយ នៃការប្រកួត Africa Cup of Nations 2021 កាលពីយប់ថ្ងៃអង្គារទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រុមការពារជើងឯកអាល់ហ្សេរី សេណេហ្គាល់ និង ក្រុមម្ចាស់ផ្ទះកាម៉ារូន ដែលបានកក់កៅអីសម្រាប់ពានរង្វាន់ទ្វីបអាហ្រ្វិក។
កីឡាករ Sekou Koita រកគ្រាប់បាល់បើកឆាកសម្រាប់ម៉ាលី នៅ១២នាទីដំបូងនៃការប្រកួត ហើយ Moussa Doumbia ធ្វើបាននៅនាទីទី ៣៧ ប៉ុន្ដែត្រូវរបូតមួយគ្រាប់វិញនៅ២នាទីបន្ទាប់។ ទោះជាយ៉ាងណាក្ដី ពួកគេនៅតែអាចយកឈ្នះណាមីប៊ី ២-១។
ដោយឡែក ទុយណេស៊ី មានឱកាសលេងនៅជុំចុងក្រោយ១៥លើកជាប់គ្នា បន្ទាប់ពី Saif-Eddine Khaoui រកគ្រាប់បាល់បើកឆាកក្នុងការប្រកួតនៅនាទីទី ១១ ប៉ុន្ដែត្រូវបានតង់ហ្សានី តាមស្មើនៅនាទី ៤៧ ដោយកីឡាករ Feisal Salum ហើយការប្រកួតបញ្ចប់លទ្ធផលស្មើគ្នា ១-១។
សរុបមកក្រុមទាំង៥ដែលបានកក់កៅអីសម្រាប់ជុំចុងក្រោយនេះ៥ក្រុមដែលរួមមាន ម៉ាលី ទុយណេស៊ី សេណេហ្គាល់ រួមជាមួយក្រុមការពារជើងឯកអាល់ហ្សេរី និង ក្រុមម្ចាស់ផ្ទះ កាម៉ារូន ដែលទទួលបានកៅអីមួយដោយស្វ័យប្រវត្តិ ហើយកៅអីនៅសល់១៩ទៀត ដើម្បីបំពេញបង្គ្រប់ ២៤ក្រុម ដែលនឹងត្រូវបែងចែកជា៦ពូល ក្នុងពូលនីមួយៗមាន៤ក្រុម។
ការប្រកួតជុំផ្ដាច់ព្រ័ត្រ AFCON 2021 ដំបូងឡើយ ត្រូវបានកំណត់ថានឹងចាប់ផ្ដើមនៅចន្លោះពីថ្ងៃទី ៩ មករា ដល់ថ្ងៃទី ៦ កុម្ភៈឆ្នាំ ២០២១ ប៉ុន្ដែដោយសារការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការពន្យារពេលប្រកួត ដោយប្ដូរទៅ ខែមិថុនា ដល់ ខែកក្កដាវិញ៕