ខ្សែការពារ Ruben Dias របស់ក្រុម Manchester City រកបានពីរគ្រាប់ ជួយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះ ក្រូអាត 3-2 នៅក្នុងការប្រកួត UEFA Nations League។
ក្រុមម្ចាស់ផ្ទះក្រូអាត រកបានមួយគ្រាប់បើកឆាកនាំមុខដោយ ខ្សែបម្រើ Mateo Kovicic នៅនាទីទី២៩ ប៉ុន្ដែ ត្រូវបានក្រុមភ្ញៀវតាមស្មើវិញ ដោយ Dias នៅនាទីទី៥២ មួយនាទីក្រោយខ្សែបម្រើ Marko Rog ទទួលបានកាតក្រហម។
Joao Felix រកបានមួយគ្រាប់ទៀតឱ្យព័រទុយហ្គាល់នាំមុខក្នុងនាទីទី៦០ ប៉ុន្ដែ Kovacic ស៊ុតចូលគ្រាប់ទី២(នាទី ៦៥) ឱ្យក្រូអាតតាមស្មើវិញ។ ទោះយ៉ាងណាក្ដី គ្រាប់បាល់ចុងម៉ោងរបស់ ខ្សែការពារចំណូលថ្មីរបស់ក្រុម Man City បានធានាជ័យជម្នះ សម្រាប់ក្រុមលោក Fernando Santos នៅនាទី៩០+១។
នៅក្នុងពូលជាមួយគ្នានេះ ម្ចាស់ជើងឯកពិភពលោក បារាំង ដែលបានកក់កៅអីឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ Nations League បានទំលាក់ស៊ុយអែតចេញពីលីគ A ទៅកាន់លីគ B ក្រោយយកឈ្នះក្នុងលទ្ធផល ៤-២។
ខ្សែប្រយុទ្ធ Olivier Giroud បានរកគ្រាប់បាល់តាមស្មើឱ្យក្រុមមាន់គកបារាំង នៅនាទីទី១៦ បន្ទាប់ពីត្រូវបានក្រុមភ្ញៀវស៊ុតអែត ស៊ុតនាំមុខដោយ Viktor Claesson នៅ៤នាទីដំបូងនៃការប្រកួត។
ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea(នាទីទី៥៩) រួមជាមួយ កីឡាករ Benjamin Pavard(នាទីទី៣៦) និង Kingsley Coman(នាទីទី៩០+៥) របស់ Bayern Munich រកបានម្នាក់មួយគ្រាប់បន្ថែមទៀត ឱ្យក្រុមលោក Didier Deschamps ទទួលបានជ័យជម្នះ បើទោះបីជា ស៊ុតអែតមានឱកាសរកគ្រាប់ទី២ដោយ Robin Quaison(នាទីទី ៨៨) ក្ដី៕