អ្នកចាត់ការ Pep Guardiola មិនអស់ចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ក្នុងការប្រកួតដែល Manchester City បញ្ចប់ក្នុងលទ្ធផល ៣-៣ ទល់នឹង Tottenham Hotspur ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្ដែលោកថា លោកមិនអាចប្រើពាក្យរិះគន់ទៅលើអាជ្ញាកណ្ដាលដូចអ្នកចាត់ការ Arsenal លោក Mikel Arteta បានឡើយ។
ក្រុមភ្ញៀវមាន់ខ្នាយមាស មានឱកាសរកគ្រាប់បាល់នាំមុខ ដោយប្រធានក្រុម Son Heung-min ក្នុងនាទីទី៦ ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ Man City តាមស្មើមួយគ្រាប់វិញ ដោយសារកំហុសធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់តារាឆ្នើមកូរ៉េខាងត្បូង នា៣នាទីបន្ទាប់ ហើយ Phil Foden បន្ថែមគ្រាប់នាំមុខក្នុងនាទីទី៣១។