Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាការិនីបឹងកេត យោគ ដានីន ចូលរៀនវគ្គគ្រូបង្វឹកបាល់ទាត់ព្រោះចង់ជួយអភិវឌ្ឍបាល់ទាត់ជាតិ

យុវតី យោគ ដានីន ជាកីឡាការិនីបាល់ទាត់របស់ក្លឹបបឹងកេត ក្នុងឱកាសដែលរូបគេបានចូលរៀនវគ្គបង្ហាត់បាល់ទាត់​កម្រិត “ ឃ ” កាលពីពេលកន្លងទៅ ដានីនថាព្រោះតែការស្រឡាញ់បាល់ទាត់ និងចង់ក្លាយជាផ្នែកមួយក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជានៅថ្ងៃខាងមុខទើបគេសម្រេចចិត្តចូលរៀនវគ្គមួយនេះ។

កូនអ្នកខេត្តកំពង់ឆ្នាំងខាងលើក៏បានសរសើរទៅដល់សហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ និងសហព័ន្ធបាល់ទាត់ជាតិកម្ពុជាដែលបានបង្កើត និងផ្តល់ឱកាសឱ្យរូបគេក៏ដូចជាសិក្ខាកាមផ្សេងៗទៀតបានរៀនសូត្រ និងយល់ពីមូលដ្ឋានគ្រឹះនៃបាល់ទាត់កាន់តែស៊ីជម្រៅបន្ថែម។

ដោយសារខ្ញុំស្រឡាញ់ខាងហ្នឹង ហើយវាក៏ជាបំណងប្រាថ្នារបស់ខ្ញុំមកដែរ ហើយអនាគតទៅចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់ ដើម្បីបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ ឱ្យពួកគាត់យល់ដឹងពីបាល់ទាត់កាន់តែច្រើន និងប្រទេសកម្ពុជាយើងអភិវឌ្ឍបាល់ទាត់នេះកាន់តែខ្លាំង  ។  

និស្សិតឆ្នាំទី១រដ្ឋបាលសាធារណៈដដែលក៏បានរំលឹកពីប្រវត្តិនៃការទៅលេងបាល់របស់ខ្លួនព្រោះតែស្រឡាញ់ខ្លាំង ពេលខ្លះតម្រូវឱ្យកុហកប៉ាម៉ាក់ដើម្បីបានទៅលេង រហូតមកទល់ពេលនេះបែរជាទទួលបានការលើកទឹកចិត្តពីពួកគាត់វិញ។

ដំបូងម៉ាក់ប៉ាអត់សូវពេញចិត្តទេ ពួកគាត់ស្តីឱ្យ និយាយរួមទៅមុនទៅលេងយំរាល់ថ្ងៃ ព្រោះគាត់ខ្លាចយើងគ្រោះថ្នាក់បាក់ដៃបាក់ជើងជាដើម។

សូមរំលឹកថាវគ្គបង្ហាត់បាល់ទាត់​កម្រិត “ ឃ ” ដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយក្លឹបបាល់ទាត់បឹងកេត បានបញ្ចប់ទៅដោយជោគជ័យជាមួយនឹងសិក្ខាកាមទាំងអស់សរុប២១នាក់ នាអាគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ៕