Skip to content
ទីបំផុត! រកឃើញ៤ក្រុមចុងក្រោយដែលកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ UEFA Nations League
    ទំព័រដើម  »  កីឡាអន្តរជាតិ

ទីបំផុត! រកឃើញ៤ក្រុមចុងក្រោយដែលកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ UEFA Nations League

ក្រុមជម្រើសជាតិបែលហ្ស៊ិកទទួលបានជ័យជម្នះលើដាណឺម៉ាក ដោយលទ្ធផល ៤-២ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ហើយបានកក់កៅអីនៅក្នុងវគ្គ៤ក្រុមចុងក្រោយ UEFA Nations League។

ក្រុមរបស់លោក Roberto Martinez ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីអាចឡើងទៅវគ្គបន្ទាប់បាន ប៉ុន្ដែជ័យជម្នះនេះ បានធានាគម្លាត៥ពិន្ទុពីក្រុមដាណឺម៉ាក ហើយនិងអង់គ្លេស នៅក្នុងពូល A2។

Youri Tielemans បានរកគ្រាប់បាល់បើកឆាកនៅនាទីទី៣ សម្រាប់ក្រុមបិសាចក្រហមបែលហ្ស៊ិក ប៉ុន្ដែត្រូវបាន Jonas Wind រកបានមួយគ្រាប់តាមស្មើវិញឱ្យដាណឺម៉ាក នៅនាទីទី១៧។

ទោះយ៉ាងណាក្ដី ក្រុមម្ចាស់ផ្ទះបែលហ្ស៊ិក នៅតែបន្ដការសម្រុកហើយរកបានពីរគ្រាប់បន្ថែមដោយខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី ៥៧ និង ៦៩ មុនពេល ដាណឺម៉ាកទទួលបានគ្រាប់ទី២ ដោយបាល់ own-goal របស់ Nacer Chadli នាទីទី៨៦ ហើយ Kevin De Bruyne ស៊ុតបញ្ចូលទីគ្រាប់ទី៤ ធានាជ័យជម្នះឱ្យបែលហ្ស៊ិកឡើងទៅជុំផ្ដាច់ព្រ័ត្រ នៅ១នាទីបន្ទាប់។

ខ្សែបម្រើវ័យក្មេង Phil Foden រកបានពីរគ្រាប់សម្រាប់ អង់គ្លេសដែលបានយកឈ្នះអ៊ីស្លង់ ៤-០ នៅទឹកដី Wembley។

ថ្វីដ្បិតតែមិនអាច ឈានដល់ជុំផ្ដាច់ព្រ័ត្រ ប៉ុន្ដែក្រុមរបស់លោក​ Gareth Southgate នៅតែមានបំណងចង់បញ្ចប់លទ្ធផលល្អ។ ខ្សែបម្រើ Declan Rice រកបានមួយគ្រាប់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះអង់គ្លេស​ នៅនាទីទី២០ មុនពេល Mason Mount រកបានគ្រាប់ទី២ នៅ៤នាទីបន្ទាប់។ ហើយ ខ្សែបម្រើវ័យក្មេង Phil Foden របស់ក្លិប Manchester City រកបានពីរគ្រាប់នៅក្នុងវគ្គទី២ នៅនាទីទី ៨០ និង ៨៤ បន្ទាប់ពី កីឡាករ Birkir Mar Saevarsson របស់ក្រុមភ្ញៀវ អ៊ីស្លង់ទទួលបានកាតលឿងពីរ និង ត្រូវបានបណ្ដេញចេញពីការប្រកួតនៅនាទីទី ៥៤។

ដោយឡែកក្រុមអ៊ីតាលី ក៏ទទួលបានកៅអីមួយផងដែរសម្រាប់វគ្គ៤ក្រុមចុងក្រោយនេះ បន្ទាប់ពីបានយកឈ្នះលើ បួស្នៀ ដោយលទ្ធផល ២-០។

គ្រាប់បាល់ដំបូងរកបានដោយ ខ្សែប្រយុទ្ធ Andrea Belotti នៅនាទីទី២២ ហើយគ្រាប់បាល់ទី២ ធ្វើបានដោយខ្សែប្រយុទ្ធ Domenico Berardi នៅនាទីទី៦៨ ដែលធានាជ័យជម្នះជួយឱ្យអ៊ីតាលីឈានទៅកាន់វគ្គបន្ទាប់ ជាមួយនឹង បារាំង អេស្ប៉ាញ និង បែលហ្ស៊ិក។

ប្រធានក្រុម Georginio Wijnaldum បានរកគ្រាប់បាល់ជ័យជម្នះចុងម៉ោងសម្រាប់ហុល្លង់ ដែលបានឈ្នះប៉ូឡូញដោយលទ្ធផល ២-១។ កីឡាកររ Kamil Jozwiak បានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះប៉ូឡូញ នៅ៥នាទីដំបូងនៃការប្រកួត ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញ ដោយបាល់ប៉េណាល់ទីនៅនាទីទី៧៧ របស់ ខ្សែប្រយុទ្ធ Memphis Depay ហើយ Wijnaldum បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨៤។

ហើយក្រុមវេលស៍របស់ Gareth Bale បានប្រូម៉ូតឡើងមកកាន់លីគ A បន្ទាប់ពីបានយកឈ្នះក្រុមហ្វាំងឡង់ ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Cardiff City។ ខ្សែបម្រើ Harry Wilson រកគ្រាប់បាល់នាំមុខសម្រាប់វេលស៍នៅនាទីទី ២៩ ហើយ កីឡាកររបស់ក្រុមបិសាចក្រហម Daniel James រកបានមួយគ្រាប់បន្ថែមទៀតនៅនាទីទី៤៦។

ក្រុមភ្ញៀវហ្វាំងឡង់ ដែលបាត់បង់សមាជិកនៅលើទីលានម្នាក់ គឺកីឡាករ Jere Uronen នៅនាទីទី១២ មានឱកាសតាមមួយគ្រាប់វិញដោយ ខ្សែប្រយុទ្ធ Teemu Pukki នៅនាទីទី ៦៣ ប៉ុន្ដែ Kieffer Moore បានរកគ្រាប់បាល់ទី៣ឱ្យវេលស៍នៅនាទីទី ៨៤ ធានាជ័យជម្នះ ឡើងមកកាន់លីគពីលីគ B មកកាន់ លីគ A។

ប៉ុន្ដែគួរឱ្យសោកស្ដាយសម្រាប់ក្រុមស្កុតឡែន ដែលខកឱកាសក្នុងការប្រូម៉ូតឡើង ក្រោយបរាជ័យក្រោមថ្វីជើងក្រុមអ៊ីស្រាអែល ១-០ ដែលគ្រាប់បាល់ជ័យជម្នះនេះ ស៊ុតបញ្ចូលទីដោយកីឡាករ Manor Solomon នៅនាទីទី ៤៤។

  • ក្រុមដែលឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ Nations League មានដូចជា៖ បារាំង អេស្ប៉ាញ អ៊ីតាលី និង បែលហ្ស៊ិក
  • ក្រុមដែលធ្លាក់ទៅលីគ B មាន៖ បូសនី-អ៊ែរសេកូវីន អ៊ីស្លង់ ស៊ុយអែត និង ស្វីស
  • ក្រុមនៅលីគ B ដែលឡើងមកលីគ A មាន៖ អូទ្រីស សាធារណរដ្ឋឆែក ហុងគ្រី និង វេលស៍
  • ក្រុមនៅលីគ B ដែលធ្លាក់ទៅលីគ C មាន៖ ប៊ុលហ្គារី ទួរគី ស្លូវ៉ាគី និង អៀរឡង់ខាងជើង
  • ក្រុមនៅលីគ C ដែលឡើងមកលីគ B មាន៖ ម៉ុងតេណេក្រូ អាម៉ានី ស្លូវ៉ានី និង អាល់បានី
  • ក្រុមលីគ C ដែលធ្លាក់ទៅលីគ D មាន៖ កាហ្សាក់ស្ថាន ម៉ុលដូវ៉ា អេស្ដូនី ស៊ីប
  • ក្រុមលីគ D ដែលឡើងមកលីគ C មាន៖ កោះហ្វ៉ារូ អាយលេនស៍ និង ហ្គីប្រាល់តា

សម្រាប់ការប្រកួតទាំង២គូនៅវគ្គ៤ក្រុមចុងក្រោយ អ្នកឈ្នះ នឹងឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ហើយពីរក្រុមដែលបរាជ័យ ត្រូវប្រកួត play-off យកតំណែងលេខ៣។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ នឹងត្រូវលេងម៉ោងបន្ថែម ហើយអាចដល់ការស៊ុតប៉េណាល់ទី ប្រសិនបើគូប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ប៉ុន្ដែសម្រាប់វគ្គ play-off វិញ មិនមានម៉ោងបន្ថែមនោះទេ គឺស៊ុតប៉េណាល់ទីយកតែម្ដង បើស្មើគ្នាក្រោយលេងពេញម៉ោង។

កាលបរិច្ឆេទនៃការប្រកួត៖

  • ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២១៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គូទី១
  • ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២១៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គូទី២
  • ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២១៖ វគ្គ play-off ដណ្ដើមយកលេខ៣
  • ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២១៖ វគ្គផ្ដាច់ព្រ័ត្រ