ការប្រកួតសម្រាប់ក្រុមជម្រើសជាតិបានបញ្ចប់ ហើយការប្រកួតប្រជែងសម្រាប់ក្លិបនៅតំបន់អឺរ៉ុបបានត្រលប់វិញ នៅចុងសប្ដាហ៍នេះ។ ការប្រកួតពានអឺរ៉ុប UEFA Champions League ក៏ត្រលប់មកវិញផងដែរនៅថ្ងៃអង្គារ និង ថ្ងៃពុធសប្ដាហ៍ក្រោយ។
ឆ្លងកាត់ការប្រកួត៣ជុំនៅ Champions League ក្រុមកំពូលៗមួយចំនួនទទួលបានលទ្ធផលល្អ ខណៈក្រុមមួយចំនួនទៀត ទទួលបានលទ្ធផលដែលស្ថិតនៅក្នុងស្ថានភាពព្រួយបារម្ភ។
Manchester City, Barcelona, Liverpool និង Bayern Munich មិនទាន់របូតពិន្ទុនៅឡើយទេសម្រាប់ការប្រកួតវគ្គចែកពូល ដោយពួកគេទទួលបាន ៩ពិន្ទុពេញ សម្រាប់ជ័យជម្នះទាំង៣ប្រកួត។
បើមើលទៅលទ្ធផលជាក់ស្ដែងនាពេលនេះ មានតែមួយក្រុមប៉ុណ្ណោះ ដែលឈរនៅកំពូលតារាង Champions League ផង និង នៅក្នុងក្របខណ្ឌកំពូលផងមានតែមួយក្រុមប៉ុណ្ណោះគឺ Bayern Munich។
ក្រុមការពារជើងឯកពានអឺរ៉ុប Bayern Munich នៅតែធ្វើបានល្អ សម្រាប់ការតតាំងគូប្រកួតនៅលើទីលានក្នុងដូវកាលថ្មី ២០២០/២១ ដោយពួកគេទទួលបាន៩ពិន្ទុពេញ ក្នុងចំណោម៣ប្រកួតដំបូងនៅក្នុងវគ្គចែកពូល និងឈរនៅកំពូលតារាងនៃពូល A។
ក្រុមដែលដឹកនាំដោយលោក Hansi Flick បានយកឈ្នះលើក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid នៅក្នុងជំនួបបើកឆាកដោយលទ្ធផល ៤-0 មុនពេលយកបាន៣ពិន្ទុនៅក្នុងផ្ទះរបស់ Lokomotiv Moskow ហើយពួកគេបន្ដការឈ្នះ ដោយបំបាក់ក្រុមខ្លាំងអូទ្រីស Salzburg ៦-២។
បើងាកទៅមើលការប្រកួតនៅ Bundesliga វិញ ក្រុមជើងឯក២៩សម័យកាលក៏ទទួលបានលទ្ធផលគាប់ប្រសើរផងដែរ ដោយមាន១៨ពិន្ទុ ក្រោយលេង៧ប្រកួតនៅក្នុងក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ ដោយទទួលបានជ័យជម្នះ ៦ និង ចាញ់មួយប្រកួត ហើយជំនួបចុងក្រោយពួកគេបានយកឈ្នះ Borussia Dortmund ៣-២ ដល់ក្នុងផ្ទះ។
ដោយឡែក Real Madrid ដែលជាក្រុមកំពូលតារាង La Liga និង Paris Saint-Germain ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១នៅ Ligue 1 កំពុងប្រឈមបញ្ហាលំបាកសម្រាប់ការប្រកួតពានអឺរ៉ុប ដោយពួកគេស្ថិតនៅលេខ៣ ក្នុងតារាង ហើយអាចប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូល ប្រសិនបើពួកគេធ្វើមិនបានល្អ សម្រាប់៣ប្រកួតដែលនៅសល់។
ការប្រកួតសប្ដាហ៍ទី៤ នឹងធ្វើឡើងនៅ រាត្រីថ្ងៃអង្គារ និង ថ្ងៃពុធសប្ដាហ៍ក្រោយ ហើយក្រុមដែលទទួលបានលទ្ធផលល្អដូចជា Manchester City, Barcelona, Liverpool និង Bayern Munich អាចនឹងកក់កៅអីទៅកាន់វគ្គ១៦ក្រុម ប្រសិនបើពួកគេទទួលបានជ័យជម្នះសម្រាប់ការប្រកួតបន្ទាប់នេះ៕