Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Sir Jim Ratcliffe ៖ ដើម្បីនាំជោគជ័យត្រឡប់មកឱ្យ Man Utd វិញ ត្រូវការពេលវេលានិងភាពអត់ធ្មត់

មហាសេដ្ឋីជនជាតិអង់គ្លេស Sir Jim Ratcliffe ដែលទើប​ទិញ​បាន​ភាគហ៊ុន​២៥%​​ក្នុង​ក្លិប Manchester United ពី​មហាសេដ្ឋីអាមេរិកត្រកូល Glazers បាន​និយាយ​ថា​លោក​ត្រូវ​ការ​ពេល​វេលា​និង​ភាព​អត់ធ្មត់ ដើម្បី​នាំ​ជោគជ័យ​កីឡា​ត្រឡប់​មក​ក្លិប​បិសាច​ក្រហម​ឡើង​វិញ​។

​កំពូល​អ្នក​មាន​វ័យ​៧១​ឆ្នាំ​រូបនេះ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ទិញ​ភាគហ៊ុន Man Utd ចំនួន​២៥​% ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ស្មើ​នឹង​១.៣​ពាន់​លាន​ដុល្លារ ឬ​១.០៣​ពាន់​លានផោន។ ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​៦​ទៅ​៨​សប្ដាហ៍​​ក្នុង​ការ​បំពេញ​សំណុំ​បែបបទ​ឯកសារ​ផ្សេង​ៗ ទម្រាំ​អាច​​អនុវត្ត​តួនាទី​របស់​លោក​នៅ​ក្នុង​ក្លិប​ជា​ផ្លូវការ​បាន​។ Sir Jim Ratcliffe និង​សហការី​របស់​លោក​នឹង​គ្រប់គ្រង​​ប្រតិបត្តិ​ការ​ផ្នែក​កីឡា ហើយ​លោក​ក៏​នឹង​ផ្ដល់​ថវិកា​៣០០​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ការ​វិនិយោគ​កីឡដ្ឋាន​របស់ Man Utd នៅ​ពេល​អនាគត​។

នៅ​ក្នុង​វេលា​ដំបូង​នេះ Sir Jim Ratcliffe ដែល​ក៏​ជា​ម្ចាស់​ក្លិប Nice នៅ​បារាំង​ផង​នោះ បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​អ្នក​គាំទ្រ Man Utd ​ថា៖ «ពួក​យើង​ទទួល​ស្គាល់​ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុងនាម​ជា​អ្នក​ថែ​រក្សា​ក្លិប​ជំនួស​មុខ​ឱ្យ​ពួក​​អ្នក​។ ខ្ញុំ​ជឿជាក់​ថា​ពួក​យើង​អាច​នាំ​យក​ជោគជ័យ​ផ្នែក​កីឡា​នៅ​លើ​ទីលាន​​ដើម្បី​​បំពេញ​បន្ថែម​ពីលើ​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម​ដែល​ក្លិប​បាន​ទទួល​។ វា​ទាមទារ​ពេលវេលា​​និង​ភាព​អត់ធ្មត់ ទន្ទឹម​គ្នា​ជាមួយ​ការ​គ្រប់គ្រង​ដែល​​តឹងរ៉ឹង​និង​មាន​វិជ្ជាជីវៈ​ខ្ពស់​បំផុត​។

ពួក​អ្នក​​មានមហិច្ឆតា​សម្រាប់ Manchester United ហើយ​ពួក​យើង​ក៏​មានមហិច្ឆតា​ដូច​គ្នា​ដែរ​។ នៅ​ក្នុង​កីឡា គ្មាន​ការ​ធានាជាក់លាក់​ទេ ហើយ​ការ​ផ្លាស់​ប្ដូរ​អាច​ត្រូវ​ការ​ពេល​ដោយ​ចៀស​មិនផុត ប៉ុន្តែ​ពួក​យើង​នឹង​ធ្វើ​វា​សម្រាប់​រយៈ​ពេល​វែង​ឆ្ងាយ ហើយ​​ជាមួយ​គ្នាពួក​យើង​អាច​ជួយ​នាំ Manchester United ត្រឡប់​ទៅ​ទីតាំង​ដែលស័ក្ដិសម​ឡើង​វិញ គឺ​នៅ​ទី​កំពូល​នៃ​បាល់ទាត់​អង់គ្លេស បាល់ទាត់​អឺរ៉ុប និង​បាល់ទាត់​ពិភពលោក​។ ខ្ញុំ​នឹង​បំពេញ​ទំនួល​ខុសត្រូវ​នេះ​យ៉ាង​ម៉ឺងម៉ាត់​បំផុត។

ដោយឡែក កាល​ពី​យប់​ថ្ងៃ​អង្គារទី​២៦​ធ្នូ Man Utd បាន​វាយ​បក​​​ឈ្នះ Aston Villa ៣-២ ក្នុង​រាត្រី Boxing Day ក្រោម​ក្រសែភ្នែក​ក្រុមការងារ​ជំនិត​របស់​ម្ចាស់​ក្លិប​ថ្មី គឺ Sir Dave Brailsford និង​អតីត​​ប្រធានប្រតិបត្តិ Juventus និង PSG លោក Jean-Claude Blanc។ ​គ្រាប់​បាល់​របស់ Garnacho ២​គ្រាប់​ក្នុង​នាទី​៥៩​និង​៧១ និង Hojlund ក្នុង​នាទី​៨២ ដណ្ដើម​បាន​៣​ពិន្ទុ​សម្រាប់​ក្រុម​លោក Erik Ten Hag បន្ទាប់​ពី Aston Villa បាននាំ​មុខ​២គ្រាប់​មុន​ក្នុង​វគ្គ​ទី​១​ ក្នុង​នាទី​២១​និង​២៦។

នៅ​ពេល​សម្រាក​ចន្លោះ​វគ្គ​១៥​នាទី លោក Ten Hag ​បាន​និយាយ​ទៅ​កាន់​កីឡាករ Man Utd ​ថា៖ ចូរ​រក្សា​ជំនឿ​ចិត្តហើយ​ពួក​យើង​នឹង​ឈ្នះ​។ នៅ​ក្រោយ​ការ​ប្រកួតអ្នក​ចាត់ការ​ជនជាតិ​ហុល្លង់​រូបនេះ​និយាយ​ថា​លោក​សប្បាយ​ចិត្តនិង​អន្ទះសារ​ចំពោះ​ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​ក្លិប Man Utd​។ លោក​ថា​ម្ចាស់​ភាគហ៊ុន​ថ្មី​ចង់​ធ្វើការ​ជាមួយ​លោក ហើយ​លោក​ក៏​ចង់​ធ្វើការ​ជាមួយ​ពួក​គេ​ដែរ​។

Man Utd ពេលនេះ​ឡើង​មក​លេខ​រៀង​ទី​៦​ក្នុង​តារាង Premier League ដោយ​​មាន​៣១​ពិន្ទុ​ពី​១៩​ប្រកួត និងផលសង​គ្រាប់​បាល់ ដក៤​ ខណៈ​ក្រុម​កំពូល​តារាង Liverpool មាន​៤២​ពិន្ទុ ឯ Arsenal ធ្លាក់​មក​លេខ​២ មាន​៤០​ពិន្ទុ នៅ​រង់ចាំ​ការ​ប្រកួត​សប្ដាហ៍​១៩ទល់ West Ham រាត្រី​ថ្ងៃ​ព្រហស្បតិ៍​៕