លោក ឃួន ឡាបូរ៉ាវី ថ្លែងអំឡុងពេលប្រកួតពានរង្វាន់បាល់ទាត់កុមារ ៧មករា រដូវកាលទី៤ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ, អតីតម្ចាស់អាវលេខ៩ ក្រុមជម្រើសជាតិកម្ពុជា និងក្លឹបបឹងកេត បាននិយាយអំពីចំណុចរាំងស្ទះមួយដែលជាជំងឺបាលទាត់ក្នុងការអភិវឌ្ឍយុវជនថ្នាលតាមរយៈប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជា ការបន្លំកីឡាករ ការមិនផ្តល់អាទិភាពដល់កីឡាករដែលត្រូវកម្រិតអាយុពិតប្រាកដ លើសពីនេះបើសិនគ្រប់គ្នាមិនមានចក្ខុវិស័យតែមួយក្នុងការបណ្តុះថ្នាលបែបនេះ នោះច្បាស់ណាស់ការបណ្តុះធនធានកីឡាករនៅក្នុងស្រុកដើរមិនទាន់គេនោះទេ។
គ្រូសាលាបាល់ទាត់ក្លឹបបឹងកេតមានប្រភពពីកំពង់ឆ្នាំង ដដែលបានបន្ថែមទៀតថាលោកតែងតែជួបប្រទះរឿងបែបនេះជារើយៗ ហើយលោកក៏បានទទួចទៅថ្នាក់ដឹកនាំក្រុមបាល់ទាត់ទាំងអស់មិនថា ក្រុមអាជីព ឬក្រុមសាលាអ្វីឡើយ គប្បីកុំគិតអំពីលទ្ធផលនៃការឈ្នះចាញ់ខ្លាំងពេក ចំពោះការប្រកួតប្រជែងកម្រិតថ្នាលបែបនេះ។
ក្មេងត្រូវឱកាសគាត់លេង គាត់អត់បានលេងទៅឱ្យអ្នកផ្សេងមកបន្លំអាយុ ចឹងទម្រាំពេលដែលគាត់ធំត្រូវបន្លំមកលេងជាមួយក្មេងទៀត ចឹងជំងឺហ្នឹងតរហូតព្យាបាលមិនជាឡើយ ។
នេះជាលើកទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្លឹបកីឡាបាល់ទាត់បឹងកេត បានបង្កើតពានរង្វាន់បាល់ទាត់កុមារ៧មករាឡើង ក្នុងនោះមានក្រុមចូលរួម៤៧ក្រុម មកពី១៨គ្រឹះស្ថានសិក្សា ចែកជា ៣កម្រិតដូចជា U10 , U13 , U16, ចំពោះក្រុមជើងឯកអាយុក្រោម១០ឆ្នាំ បានទៅលើសាលាបាល់ទាត់ភ្នំពេញក្រោន សាលាបាល់ទាត់ BLUE CITY ជាជើងឯកអាយុក្រោម១៣ឆ្នាំ និងសាលាបាល់ទាត់បឹងកេត ជាជើងឯកអាយុក្រោម១៦ឆ្នាំ៕