លោក Therdsak Chaiman នាយកបច្ចេកទេសក្លិបបាល់ទាត់ណាហ្គាវើលដ៍មើលឃើញថា ក្លិបបាល់ទាត់ជាច្រើននៅកម្ពុជាបានកាន់តែវិវឌ្ឍល្អឡើងៗ ហើយអ្វីដែលត្រូវអភិវឌ្ឍខ្លាំងនោះ គឺយុវជន ព្រោះយុវជននៅទីនេះត្រូវការការជួយគាំទ្រច្រើនពីរដ្ឋ។ ភាគីរដ្ឋសំខាន់ណាស់ ព្រោះយុវជនជាមនុស្សជំនាន់ថ្មីត្រូវការលេងបាល់ទាត់។
អតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិថៃយល់ថា ប្រជាជនកម្ពុជា ជាពិសេសឪពុកម្ដាយក៏ចង់ឱ្យកូនៗលេងបាល់ទាត់ មិនចង់ឱ្យលេងហ្គេមទេ ព្រោះលេងកីឡាបាល់ទាត់ក៏ជាលំហាត់ប្រាណមួយដែរ ហើយអាចឱ្យក្លាយទៅជាកីឡាករល្អបាន។ លោកគិតថា ប្រសិនបើមានការហ្វឹកហាត់ជារឿយៗ មានការជួយជ្រោមជ្រែងពីរដ្ឋ និងអ្នកឧបត្ថម្ភ ដល់យុវជននោះ វាជារឿងដ៏ល្អសម្រាប់កម្ពុជា ធ្វើឱ្យមានមូលដ្ឋានគ្រឹះបាល់ទាត់ខ្លាំង ព្រោះយុវជនពិតជាសំខាន់ណាស់។ ពួកគេអាចវិវឌ្ឍទៅកាន់កម្រិតអាជីព និងជាជម្រើសជាតិបាននាពេលអនាគត។
សម្រាប់បទពិសោធនៃការអភិវឌ្ឍបាល់ទាត់នៅប្រទេសថៃវិញ បុរសវ័យ៥០ឆ្នាំដដែលថ្លែងថា សហព័ន្ធបាល់ទាត់ថៃបានព្យាយាមធ្វើឱ្យលីគបាល់ទាត់ថៃមានភាពជាអាជីព ហើយដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍយុវជន។ អ៊ីចឹងបើចង់ឱ្យបាល់ទាត់ខ្លាំង ត្រូវអភិវឌ្ឍទាំងលីគអាជីព និងយុវជនស្របពេលជាមួយគ្នាតែម្ដង។ ពេលលីគអាជីពខ្លាំង មានអ្នកទស្សនាច្រើន ពេលចូលរួមជួយច្រើន មាន sponsor ច្រើនធ្វើឱ្យអ្នកទស្សនាចង់មកមើលដល់ស្តាតតែម្ដង។ អ៊ីចឹងវាក៏នឹងធ្វើឱ្យជម្រើសជាតិខ្លាំងផងដែរ។ អ៊ីចឹងពេលលីគអាជីពកម្ពុជារីកចម្រើន មានកីឡាករបរទេសចូលមកច្រើន វាធ្វើឱ្យសេដ្ឋកិច្ច ហិរញ្ញវត្ថុអីក៏រីកចម្រើនដែរ។
ទាក់ទងទៅនឹងការចូលរួមជាមួយក្លិបបាល់ទាត់ណាហ្គាវើលដ៍វិញ លោក Therdsak ប្រាប់ថា លោកចង់រួមចំណែកអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ជាពិសេសធនធានយុវជនតែម្ដង ធ្វើយ៉ាងណា ឱ្យពួកគេលេងបាល់បានត្រឹមត្រូវ។
លោក Therdsak Chaimanប្រកបអាជីពបាល់ទាត់ពីឆ្នាំ១៩៩៤ដល់២០១៧ ដោយធ្លាប់លេងនៅ Royal Thai Navy Osotspa BEC Tero Sasana ក្លិបវៀតណាម Dong A Bank ក្លិបសិង្ហបុរី SAFFC និងចុងក្រោយ Chonburi។ លោកជាប់ជម្រើសជាតិថៃពីឆ្នាំ១៩៩៤ ដល់២០១០ រួមចំណែកឈ្នះជើងឯក AFF Cup 2000 និង 2002។ លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹក និងគ្រូបង្គោលនៅប្រទេសថៃជាច្រើនក្រុមផងដែរ មុនកាន់ការងារជានាយកបច្ចេកទេសក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងខែធ្នូ ឆ្នាំ២០២៣៕