នៅប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងមានពាក្យលេចឮផ្សេងៗពាក់ព័ន្ធអនាគតរបស់ខ្សែប្រយុទ្ធ សៀង ចន្ធា ក្រោយឃើញវត្តមានរូបគេបានទៅអង្គុយទស្សនាការប្រកួតរវាងក្លឹបបាល់ទាត់បឹងកេត ទល់នឹងក្លឹបបាល់ទាត់សៀមរាបអេហ្វសុី នៅក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤(ថ្នាក់ជាតិ) កាលពីថ្ងៃពុធ ទី៣១ ខែមករា កន្លងទៅ។ ដូច្នេះដើម្បីឱ្យដឹងកាន់តែច្បាស់ AMS Sports បានសម្ភាសលោក បែ មករា អគ្គលេខាធិការក្លឹបកីឡាបាល់ទាត់បឹងកេត អំពីបច្ចុប្បន្នភាពរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
លោក បែ មករា បានបញ្ជាក់ប្រាប់ AMS Sports យ៉ាងដូច្នេះថា៖ «ចន្ធា បានទៅចូលរួមក្លឹប Al Shahaniya ក្រោមលក្ខខណ្ឌខ្ចីពីបឹងកេត មានន័យថាបឹងកេតនៅតែជាក្លឹបដើមពេញសិទ្ធិរបស់ ចន្ធា។ ចំពោះការលេងរបស់ ចន្ធា នៅកាតារ គឺមិនមានអ្វីជាបញ្ហាទេ គាត់ក៏បានលេងរឿយៗ និងជួយរកគ្រាប់បាល់សម្រាប់ក្រុមបានផងដែរ។ ប៉ុន្តែគាត់ពិបាកសម្របខ្លួនក្នុងការរស់នៅទីនោះ ដោយសារកត្តាអាកាសធាតុ ចំណីអាហារ ជាដើម ដូច្នេះគាត់បានសុំបឹងកេតដើម្បីឱ្យយកគាត់ត្រឡប់មកកម្ពុជាវិញតាំងពីពេលចប់ជុំទី១ម្ល៉េះ តែថ្នាក់ដឹកនាំក្លឹបបឹងកេត ជាពិសេសអ្នកស្រី ពុធ ធីតា ជំរុញនិងលើកទឹកចិត្ត ចន្ធា ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះនៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូងនៃឆាកជីវិតគាត់។ ចន្ធា ក៏បានបន្តព្យាយាមនៅកាតារ។ ទោះបីយ៉ាងណា ឥឡូវនេះ បឹងកេត និង Al Shahaniya បានព្រមព្រៀងគ្នាទៅវិញទៅមក និងបាននាំយក (Recall) ចន្ធា ត្រឡប់មកកម្ពុជាវិញ។ ចន្ធា នឹងចូលហាត់ឡើងវិញជាមួយមិត្តរួមក្រុមបឹងកេតឆាប់ៗនេះ»។
នេះគឺជាលើកទីមួយក្នុងឆាកជីវិតរបស់ សៀង ចន្ធា ដែលបានទៅប្រកបអាជីពនៅលីគក្រៅប្រទេសដោយបានទៅចូលរួមជាមួយក្លឹបបាល់ទាត់ Al Shahaniya នៅលីគប្រទេសកាតា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅក្រោមលក្ខខណ្ឌខ្ចីពីបឹងកេត។ មុនពេលចាកចេញពីសាលាបាល់ទាត់ជាតិបាទី កីឡាករមានដើមកំណើតមកពីខេត្តកោះកុងរូបនេះ ក្លាយជាកីឡាករបាល់ទាត់អាជីពជាលើកដំបូងដោយបាន ចុះកុងត្រាជាមួយក្លឹបបាល់ទាត់បឹងកេតកាលពីចុងឆ្នាំ២០១៩កន្លងទៅ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្លឹបបាល់ទាត់បឹងកេតឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នៅរដូវកាល២០២០ផងដែរ៕