Skip to content
    ទំព័រដើម  »  កីឡាជាតិ

Conor Nestor ប្រកាន់ខ្ជាប់លក្ខខណ្ឌផ្ទាល់ខ្លួនមួយនេះសម្រាប់ក្លិបណាដែលចង់បានលោកធ្វើគ្រូបង្គោល

លោក Conor Nestor អតីតគ្រូបង្គោលព្រះខ័នរាជស្វាយរៀងបានប្រាប់នូវលក្ខខណ្ឌផ្ទាល់ខ្លួនសម្រាប់ក្លិបបាល់ទាត់ណាមួយដែលចង់បានរូបលោកទៅធ្វើជាគ្រូបង្គោល។ បុរសជនជាតិអៀរឡង់កំពុងសិក្សាវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត Pro សង្កត់ធ្ងន់ថា លក្ខខណ្ឌរបស់លោក គឺត្រូវយល់អ្វីដែលជាលទ្ធផល និងគុណផល តែថា លោកក៏ទទួលស្គាល់ការផ្លាស់ប្ដូរដែរ ប្រសិនបើលទ្ធផលមិនបានល្អ។ ដូច្នេះលោកចង់បានការយល់គ្នារវាងថ្នាក់ដឹកនាំ និងគ្រូបង្វឹក ដូចអ្វីដែលបានឃើញនៅពញរះខ័នរាជស្វាយរៀង ដែលតែងតែព្យាយាមអភិវឌ្ឍជាក្រុម ហើយក៏ឆ្លៀតផ្ដល់ឱកាសដល់យុវជនថ្នាលថែមទៀត ពោលព្យាយាមប្រកួតប្រជែងផង និងអភិវឌ្ឍយុវជនផង។ និយាយរួមទៅ លោកចូលចិត្តការអភិវឌ្ឍដែលផ្ដល់នូវនិរន្តរភាពយូរអង្វែង។

លោក Conor Nestor ដែលបានធ្វើជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀងដំបូងក្នុងឆ្នាំ២០១៨ និងឈ្នះជើងឯកលីគកំពូលឆ្នាំ២០១៩ បានចាកចេញពីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក្នុងឆ្នាំ២០២៣ ដោយបានចូលរួមជាមួយក្រុម Hyderabad នៃលីគកំពូលឥណ្ឌា។ លោកបានចាកចេញក្លិបនេះក្នុងខែធ្នូ ឆ្នាំ២០២៣។ បច្ចុប្បន្នលោកកំពុងបំពេញដំណើរការក្នុងការបញ្ចប់វគ្គសិក្សាគ្រូបង្វឹកកម្រិត Pro។

ជុំវិញការប្រកួតក្របខណ្ឌកំពូលកម្ពុជាវិញ លោក Conor អះអាងថា នៅតែបន្តតាមដានមិនដាច់ទោះបីលោករវល់ការងារជាមួយក្លិបថ្មីនៅក្រៅប្រទេសក៏ដោយ ជាពិសេសការប្រកួតរបស់ក្រុមចាស់ព្រះខ័នរាជស្វាយរៀង។ លោកថា ការប្រកួត Cambodian Premier League មានភាពល្អប្រសើរមួយកម្រិតថែមទៀតហើយ ហើយក៏បានសរសើរពីការដឹកនាំរបស់គ្រូបង្គោលថ្មីព្រះខ័នរាជស្វាយរៀង Pep Munoz ផងដែរ។ លោកក៏ធ្លាប់បានពិភាក្សាការងារជាមួយគ្រូថ្មីរូបនេះ ហើយបានទៅទស្សនាការប្រកួតលីគកំពូលកម្ពុជាជាមួយគ្នាទៀតផង៕