ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បាត់បង់ឱកាសក្នុងការគ្រងជើងឯក Olympics ៣លើកជាប់គ្នា បន្ទាប់ពីពួកគេបរាជ័យ ក្រោមថ្វីជើងរបស់អាហ្សង់ទីនកាលពីថ្ងៃអាទិត្យ ដែលមានន័យថា ក្រុមឡាទីនមួយនេះអស់ឱកាសឆ្លងទៅព្រឹត្តិការណ៍ប្រកួតជុំចុងក្រោយ ដែលធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំង។
ក្រុមម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍អូឡាំពិកវិញ្ញាសាបាល់ទាត់បុរស ក្នុងឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro និង២០២០ នៅទីក្រុងតូក្យូ ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីធានាឆ្លងផុតវគ្គជម្រុះ ប៉ុន្ដែបានខកចិត្តដោយបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមគូប្រជែងដ៏ស្វិតស្វាញអាហ្សង់ទីន នៃប្រកួតចុងក្រោយប្រចាំពូល South America pre-Olympic ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ពីគ្រាប់បាល់ក្នុងវគ្គទី២ រកបានដោយខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Luciano Gondou។