Skip to content
    ទំព័រដើម  »  កីឡាជាតិ

អគ្គលេខាធិការក្លឹប ISI ៖ ជាឱកាសល្អមួយមិនងាយជួបដែលកីឡាករមិនអាជីព តែបានទៅប្រកួតពានអន្ដរជាតិនៅអង់គ្លេស

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ AIA Corporate Cup បានរៀបចំពិធីបិទការ ប្រកួតជា ផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា នៅលើទីលាន KMH Park។

លោក សៀក សុវណ្ណ អគ្គលេខាធិការក្លឹបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានថ្លែងថា វាជាឱកាសល្អមួយមិនងាយជួបដែលកីឡាករមិនអាជីព តែបានទៅប្រកួតពានអន្ដរជាតិនៅអង់គ្លេស ហេីយលោកបានសម្ដែងការភ្ញាក់ផ្អើល និងរំភើបជំនួសកីឡាករ ជាបុគ្គលិកក្រុមហ៊ុនឯកជន តែបានទទួលឱកាសទៅលេងពានអន្ដរជាតិ ជាមួយក្រុមតំណាងផ្សេងៗ នៅកីឡដ្ឋានរបស់ក្លិប Tottenham Hotspur នៃចក្រភពអង់គ្លេស ។ ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លឹបបានចូលរួមសហការរៀបចំពានរង្វាន់ AIA Corporate Cup 2024 និងបានរកឃើញក្រុមជ័យលាភី ដែលជើងឯកបានទៅក្រុមបាល់ទាត់ធនាគារស្ថាបនា ក្រោយយកឈ្នះក្រុមសាលាអន្ដរជាតិ CIA First ដោយលទ្ធផល ៣-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈក្រុមជើងឯក នឹងទទួលបានសំបុត្រយន្ដហោះទៅប្រកួតអន្ដរជាតិ នៅអង់គ្លេស។

អគ្គលេខាធិការក្លឹបបាល់ទាត់អាយអេសអាយដដែលបន្ដថា នេះជាភារកិច្ចធំមួយ ក្នុងនាមក្រុមតំណាងកម្ពុជា ដែលត្រូវជួបក្រុមដៃគូ AIA ជុំវិញពិភពលោក នៅទឹកដីអង់គ្លេស ដូច្នេះត្រូវខំប្រឹងហ្វឹកហាត់ ដើម្បីរក្សាកម្លាំង បច្ចេកទេស និងស្វែងរកលទ្ធផលល្អប្រសើរមួយ។

សូមបញ្ចាក់ថា ពានរង្វាន់បាល់ទាត់ AIA Corporate Cup 2024 បានចាប់ផ្តើមប្រកួតតាំងពីខែមករា ឆ្នាំ២០២៤ រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០២៤ ៕