Skip to content
ប្រកបអាជីពជិតមួយរដូវកាល ខ្សែប្រយុទ្ធអង្គរថាយហ្គឺរ Riggi ពេញចិត្ត និងចង់បន្ត​នៅកម្ពុជា ​​
    ទំព័រដើម  »  កីឡាជាតិ

ប្រកបអាជីពជិតមួយរដូវកាល ខ្សែប្រយុទ្ធអង្គរថាយហ្គឺរ Riggi ពេញចិត្ត និងចង់បន្ត​នៅកម្ពុជា ​​

ជារដូវកាលទី១សម្រាប់ខ្សែប្រយុទ្ធជនជាតិកាណាដា Alessandro Riggi មកប្រកបអាជីពកីឡាបាល់ទាត់នៅកម្ពុជា ដោយចូលរួមជាមួយអង្គរថាយហ្គឺរនៃក្របខណ្ឌ Cambodian Premier League។

AMS Sports បានឆ្លើយឆ្លងជាមួយកីឡាករវ័យ៣០ឆ្នាំរូបនេះពីដើមដែលរូបគេឈានជើងមកកាន់កម្ពុជា និងបទពិសោធទទួលបានក្នុងរដូវកាលដំបូង ក៏ដូចជាផែនការនាពេលខាងមុខ។

១. AMS Sports ៖  ហេតុ​អ្វី​បានជាអ្នក​សម្រេច​ចិត្តមកប្រកបអាជីពនៅកម្ពុជា?

ខ្ញុំចង់សាកល្បង​អ្វី​ដែល​ថ្មី លើទឹកដី​​អាស៊ី។

២. AMS Sports ៖ តើអ្នកធ្លាប់ស្គាល់ប្រទេសកម្ពុជាឬទេពីមុន ហើយបានដឹងពីអ្វីខ្លះនៅទីនេះ ក៏ដូចជាកីឡាបាល់ទាត់ខ្មែរដែរ?

​ខ្ញុំ​បានដឹងខ្លះដែរ តែមិនច្រើនទេ។ ខ្ញុំមិនបានស្វែងយល់អ្វីច្រើនទេ។ ខ្ញុំមានមិត្តរបស់ខ្ញុំដែលលេងនៅទីនេះ ហើយខ្ញុំបានសួរគាត់អំពីក្រុង ហើយគាត់បានប្រាប់ខ្ញុំថា គាត់ពេញចិត្តណាស់ គាត់ពិតនិយាយត្រូវមែន!

៣. តើ​មាន​ឧបសគ្គអ្វីខ្លះទេ​ក្នុង​រដូវ​កាល​ដំបូង​របស់​អ្នក​ទេ?

ឧបសគ្គច្រើនដែរ! កម្ដៅគឺជាអ្វីដែលត្រូវសម្របខ្លួន ហើយខ្ញុំក៏ត្រូវជិះម៉ូតូជាលើកដំបូងដែរ ។ ការផ្លាស់ប្តូរគ្រូបង្វឹកក្រោយលេងបាន៤ប្រកួត ក៏ជារឿងដែលយើងត្រូវប្រឈម។

៤. តើអ្នកគិតយ៉ាងណាចំពោះ Tiger បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយពួកគេ? តើ​អ្នក​ចូល​ចិត្ត​ក្លឹប អ្នកគាំទ្រ និង​ទីតាំង​ដែល​មាន​សក្តានុពល​ទេសចរណ៍មួយនេះដែរ​ឬ​ទេ?

ជាក្រុងដ៏​អស្ចារ្យ មនុស្ស​រួសរាយ​រាក់ទាក់ និង​ចិត្តបាន​។ ការរស់នៅមើលទៅងាយស្រួល ​និងសុខដុម​ខ្លាំង​ណាស់​។ ខ្ញុំចូលចិត្តមិត្តរួមក្រុម និងកីឡដ្ឋាន។ ខ្ញុំពេញចិត្តការលេងនៅកីឡដ្ឋាន Hanuman ពេលយើងធ្វើជាម្ចាស់ផ្ទះ។

៥. ចុះមិត្តរួមក្រុមរបស់អ្នកវិញ? គិតថា អ្វីជាចំណុច​ល្អ​ និង​ចំណុចដែលពួកគេត្រូវកែតម្រូវ?

ពួកគេ​ជា​មិត្ត​រួម​ក្រុម​ដែល​រួសរាយ​ និង​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន។ ពួកគេ​ជា​មនុស្ស​មានឆន្ទៈ ខិតខំអភិវឌ្ឍខ្លួន និងរៀនសូត្រ​ជា​រៀងរាល់ថ្ងៃ។

៦. បន្ទាប់​ពី​មួយ​រដូវ​កាល​នៅ​ស្រុក​ខ្មែរ តើ​អ្នក​រៀនសូត្រអ្វី​ច្រើន​ទៀត​ពី​ប្រទេស ​និងកីឡាបាល់ទាត់នៅទីនេះ? ហើយ​ការយកចិត្តទុកដាក់ពីប្រជាជនចំពោះអ្នកម៉េចដែរ? ចុះ​អាហារហូបចុក និង​ការ​ស្នាក់​នៅ​ទី​នេះ​វិញ?

ខ្ញុំចូលចិត្តម្ហូបនៅទីនេះ! ប្រជាជនធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ដូចនៅផ្ទះខ្លួនឯងតាំងពីពេលមកដល់ដំបូងម្ល៉េះ។ និយាយពីកីឡាបាល់ទាត់វិញ ក៏មានមូលដ្ឋានគ្រឹះ និងក្រុមល្អមួយចំនួនដែរក្នុងលីគ។ ការលេង គឺលឿន ដូច្នេះអ្នក​ត្រូវ​តែ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​លេង​នៅ​អាស៊ី។

៧. តើអ្នកធ្លាប់ណែនាំគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យមកលេងប្រទេសកម្ពុជាទេ?

ខ្ញុំបាននិយាយរឿងហ្នឹងខ្លះដែរ។

៨. តើអ្នកចង់​បន្តនៅកម្ពុជាទៀត ឬ​រក​កន្លែង​ផ្សេង​ក្នុង​តំបន់?

មិនអីទេសម្រាប់ខ្ញុំ វាអាស្រ័យទៅលើគម្រោងក្លិប និងតួនាទីរបស់ខ្ញុំនៅក្នុងគម្រោងនោះ។ ខ្ញុំ​ចង់​ឈ្នះ​ជើងឯក និង​បានលេង Champions League។

៩. បើ​ចង់​បន្ត​នៅ​កម្ពុជា​វិញ តើពេញចិត្តលក្ខខណ្ឌបែបណា? ក្លឹបល្អជាងហ្នឹងដែលមានមហិច្ឆតាខ្ពស់ឬម៉េចដែរ?

បាទ ខ្ញុំ​ចង់​បន្តនៅកម្ពុជា។ ខ្ញុំសប្បាយចិត្តនៅ Tiger តែក៏បើកចំហរចំពោះគម្រោងរបស់ក្លឹបដែរ។ ខ្ញុំចូលចិត្តបរិយាកាសដែលមានប្រកបដោយគំនិតចង់ឈ្នះ។

Alessandro Riggi ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១០ លេងនៅក្រុម Montreal Impact Academyហើយក៏ធ្លាប់ទៅចូលរួមជាមួយក្រុម B របស់ celta vigo នៃប្រទេសអេស្ប៉ាញ ឆ្នាំ២០១២, ក្រុម Atletico ក្នុង​ប្រទេសព័រទុយហ្គាល់ និង​ក្រុមយុវជន Cluj ក្នុងប្រទេសរ៉ូម៉ានី បន្ថែមពីក្រុមមួយចំនួនទៀតក្នុងប្រទេសកំណើត។

គិតមកទល់ពេលនេះ គេរកបាន៥គ្រាប់សម្រាប់អង្គរថាយហ្គឺរ។ Riggi ក៏ជាកីឡាករមួយរូបនៃភ្នាក់ងារ Fides Football ដែលមានប្រភពនៅប្រទេសអាល្លឺម៉ង់។ ភ្នាក់ងារនេះដឹកនាំដោយអតីតខ្សែប្រយុទ្ធវិសាខា Evangelos Skraparas។

Fides Football ត្រូវបានបង្កើតឡើងជិត២ឆ្នាំមកហើយ និងបានធ្វើការទាក់ទងការផ្ទេរកីឡាករក្នុងប្រទេសថៃ, កម្ពុជា, អូស្ត្រាលី, អាល្លឺម៉ង់ និងលីបង់ ផងដែរ៕