Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាការិនីក្រុមមីស្ទ័រលេងរំឭកគ្រាលំបាកកំព្រាឪពុកម្ដាយតាំងពីតូច នៅជាមួយយាយលក់នំចិញ្ចឹមចៅៗ

យុវតី នារតី ខ្សែការពារក្រុមបាល់ទាត់នារីមីស្ទ័រលេង រំឭកថា ឪពុកម្ដាយរបស់នាងបានចែកឋានតាំងពីនាងនៅតូចម្ល៉េះ ហើយក៏ត្រូវបានយាយយកទៅចិញ្ចឹម ដោយលោកយាយត្រូវវេចនំយកទៅលក់ដើម្បីបានប្រាក់ចិញ្ចឹមចៅៗ។

បន្ទាប់ពីលោកយាយឈប់លក់នាំដោយសារតែវ័យកាន់តែចាស់ មិនមានកម្លាំងពេញលេញ បងៗរបស់នារតី បានចេញទៅធ្វើការរោងចក្ររកចំណូលចិញ្ចឹមប្អូនៗវិញម្ដង។ សម្រាប់ការសិក្សា កីឡាការិនីមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រាប់ថា រៀនបានថ្នាក់ទី១១ដែរ តែក៏បោះបង់ចោល ព្រោះមិនមានលទ្ធភាពបន្តទៅមុខ និងគ្មានមធ្យោបាយធ្វើដំណើរថែមទៀត។ នាងរំឭកថា មុនរៀនថ្នាក់ទី១១ ការសិក្សាមានភាពល្អប្រសើរ តែដល់ចូលទី១១ក៏មិនអាចផ្ដោតឱ្យបានល្អមុន។

នារតី ឱ្យដឹងដែរថា កាលនៅរៀន ក៏បានឆ្លៀតជួយធ្វើចម្ការគេដាំបន្លែ ដោយអាចទទួលបានចំណូល១ថ្ងៃតាំងពី១៥០០០រៀល រហូតដល់៤ម៉ឺនរៀល តែមិនអាចបានរៀងរាល់ថ្ងៃតែម្ដងទេ ពេលខ្លះ២ថ្ងៃ ឬ២ថ្ងៃកន្លះ អាស្រ័យលើវេលាសិក្សា។ ចំណូលនេះ នាងបានយកទៅជួយដល់គ្រួសារ និងការសិក្សារៀនសូត្រ។

នារតីសង្កត់ធ្ងន់ថា កាលរៀនថ្នាក់ទី១០ ទី១១ ជាពេលវេលាដ៏លំបាកខ្លាំងបំផុត ស្ទើរតែបាក់ទឹកចិត្ត ព្រោះចង់រៀន តែមិនមានថវិកាគ្រប់គ្រាន់។

ទាក់ទងទៅនឹងការលេងកីឡាបាល់ទាត់ យុវតីវ័យ១៩ឆ្នាំប្រាប់ថា លេងដំបូងពេលរៀនថ្នាក់ទី៧ ជាមួយមិត្តភក្ដិក្នុងភូមិមានទាំងស្រី ទាំងប្រុសពេលទំនេរពីការសិក្សា។ ពេលដឹងថា ក្រុមមីស្ទ័រលេងប្រកាសជ្រើសរើសកីឡាការិនី នារតី បានសម្រេចចិត្តចូលធ្វើតេស្ដ ហើយក៏ទទួលបានជោគជ័យ។ ការក្លាយជាកីឡាការិនីផ្លូវការ ក៏ជារឿងល្អមួយទៀតសម្រាប់នារតី ព្រោះក្លិបមីស្ទ័រលេងដែលមានលោក គ្រី ប៉េងលេង ជាស្ថាបនិក និងជាម្ចាស់ក្លឹប បានជួយផ្គត់ផ្គង់ទាំងស្រុង ទាំងការស្នាក់នៅ ហូបចុក ប្រាក់ខែ ថែមទាំងផ្ដល់ការងារដល់រូបនាងទៀតផង។

នារតី ប្រាប់ដែរថា ចាប់តាំងពីបានចូលហ្វឹកហាត់ផ្លូវការមក នាងបានយល់ពីកីឡាបាល់ទាត់ប្រសើរជាងមុន និងព្យាយាមឱ្យក្លាយជាកីឡាការិនីឆ្នើមមួយរូបក្នុងក្រុម៕