គ្រូបង្គោលបឹងកេត៖ ពេលក្រុមឈ្នះ សូមសរសើរកីឡាករចុះព្រោះពួកគេខិតខំណាស់ តែបើចាញ់គឺយើងចាញ់ទាំងអស់គ្នា កុំដាក់បន្ទុកតែកីឡាករ

sok sovanpanha
166 មើល
0 នាទីអាន

លោក Conor Nestor បាននិយាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្រោយទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីក្រុមរហ័សនាមនាគខៀវក្រសោបបានជ័យជំនះផ្ទួនៗគ្នា ២ប្រកួតចុងក្រោយនេះ។

ដោយបុរសសញ្ជាតិអៀរឡង់បានលើកឡើងថា “ការសើរតែងតែល្អជាងការរិះគន់ ខ្ញុំពេញចិត្តចំពោះសន្តានចិត្តល្អរបស់អ្នក ខ្ញុំជឿជាក់នូវក្នុងអនាគតរួមគ្នារបស់ពួកយើង” ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្ថែមថា “ប៉ុន្តែសុំចិត្តអ្នកគាំទ្រនៅពេលដែលពួកយើងបរាជ័យ​កីឡាកររបស់ពួក​យើង​ទទួលរង​ការ​រិះគន់​ច្រើនណាស់ សូម្បីតែក្នុងការប្រកួតខ្លះពួកយើងចាញ់ថ្មីៗនេះ ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករយើង” ។

“នៅពេលពួកយើងចាញ់ពួកយើងចាញ់រួមគ្នា តែពេលពួកយើងឈ្នះខ្ញុំពិតជាចង់ឱ្យអ្នកគាំទ្រទាំងអស់គ្នាសរសើរការខំប្រឹងប្រែងរបស់កីឡាករក្រុមយើង” ។ លោកបន្តទៀតថា “ក្នុងនាមជាគ្រូបង្វឹកមិនអាចជាអ្នកសង្រ្គោះបាល់ ឬរកគ្រាប់បាល់ស៊ុតបញ្ចូលទីទេ នៅក្នុង​ក្លឹប​នេះពួក​យើង​មាន​មនុស្ស​ល្អៗ​ជា​ច្រើន​នាក់​ជុំ​វិញយើង ដូច្នេះយើងត្រូវរួបរួមគ្នា​រីកចម្រើនជាមួយគ្នា ក្រុមតែមួយ ក្តីស្រមៃមួយ ទាំងថ្នាក់ដឹកនាំ

អ្នកគាំទ្រ បុគ្គលិក កីឡាករ ពួកយើងគឺជាក្រុមតែមួយ” ។

នេះជាការលើឡើងរបស់គ្រូបង្គោលក្រុមបាល់ទាត់បឹងកេតដែលទើបតែជួយក្រុមឈ្នះ២ប្រកួតលើក្រុមល្អៗ២ ដូចជាការឈ្នះលើក្រុមអង្គរថៃហ្គឺក្នុងទឹកដីសៀមរាបលើកដំបូងសម្រាប់រដូវកាលនេះ និងការវាយបកយកឈ្នះក្រុមភ្នំពេញក្រោនក្នុងជំនួប Cambodian The Classic Match ក្រោយក្រុមបឹងកេតខកខានឈ្នះក្នុងជំនួបមួយនេះ២ឆ្នាំមកហើយ ស្របពេលគាត់ទើបតែចូលដឹកនាំក្រុមមួយនេះពាក់កណ្តាលរដូវកាលនោះ៕

ចែករំលែកអត្ថបទនេះ