ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ ម៉ែន សុផានិត យល់ថា អ្នកនិយមលេងកីឡាស្នូកឃ័រដែលមានសមត្ថភាពខ្ពស់មានច្រើននៅកម្ពុជា ដូច្នេះកីឡាករឆ្នើមរូបនេះអំពាវនាវឱ្យមានការចូលរួមប្រកួតផ្លូវការរបស់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា។
សុផានិតដែលឈ្នះមេដាយមាសស៊ីហ្គេមវិញ្ញាសាជាគូជាមួយកីឡាករ សួន ឆាយ ទទូចអ្នកមានសមត្ថភាពល្អគួរណាកុំលាក់ខ្លួន គួរចូលរួមប្រកួតផ្លូវការឱ្យបានច្រើនដើម្បីក្លាយជាធនធានសម្រាប់ជាតិ ព្រោះអ្នកចូលរួមជាកីឡាករផ្លូវការនៅមិនទាន់ច្រើនខ្លាំងនៅឡើយនាពេលបច្ចុប្បន្ន។
ម៉ែន សុផានិត ទើបបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ២០២៣ ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់សិស្សប្អូន កែវ រ៉ាវី ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕