Skip to content
កីឡាករបាល់ឱបអូស្ត្រាលីដ៏មានទេពកោសល្យបាត់បង់ជីវិតក្នុងវ័យ២០ឆ្នាំ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ផ្សេងៗ

កីឡាករបាល់ឱបអូស្ត្រាលីដ៏មានទេពកោសល្យបាត់បង់ជីវិតក្នុងវ័យ២០ឆ្នាំ

យុវជន Keith Titmuss របស់ក្លិបបាល់ឱបអូស្ត្រាលី Manly Warringah Sea Eagles បានបាត់បង់ជីវិតក្នុងវ័យត្រឹមតែ២០ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺក្រោយពេលហ្វឹកហាត់។

កីឡាករវ័យក្មេងដ៏មានទេពកោសល្យរូបនេះត្រូវបាននាំពីមណ្ឌលហ្វឹកហាត់ Narrabeen ទៅមន្ទីរពេទ្យ Northern Beaches មុនពេលត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ Royal North Shore ក្នុងទីក្រុងស៊ីដនី ជាទីដែលគេបានផុតដង្ហើមមួយរយៈខ្លីបន្ទាប់មក។

Titmuss មិនទាន់បានចូលលេងសម្រាប់ក្រុម Sea Eagles ក្នុងក្របខ័ណ្ឌ National Rugby League នៅឡើយទេ ប៉ុន្តែត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជី៣០នាក់សម្រាប់រដូវកាលក្រោយ ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១។

លោក Des Hasler គ្រូបង្គោលក្រុមបាល់ឱប Sea Eagles បានលើកឡើងថាគ្រប់គ្នាក្នុងក្លិបពិតជារន្ធត់ចិត្តក្រោយឮដំណឹងមរណភាពខាងលើ។

សូមរំឭកថា Titmuss បានលេងក្នុងក្រុមយុវជនរបស់ Sea Eagles នាពេលកន្លងមក និងបានរកបានពិន្ទុជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ U20 ពាន Holden Cup ឆ្នាំ២០១៧។ គេក៏បានឈ្នះពានរង្វាន់កីឡាករឆ្នើម Jersey Flegg Cup ផងដែរ៕