Skip to content
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
    ទំព័រដើម  »  ផ្សេងៗ

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែមេសាកន្លងទៅ។

ការប្រកួត​ដ៏តានតឹង​រវាង​ក្រុម​ជើងខ្លាំងទាំង២នេះ បានរកឃើញម្ចាស់ពាននៅនាទីទី១២០ ដែលស៊ុត​បញ្ចូល​​ទីដោយកីឡាករ Marcus​ Haber ធ្វើឲ្យក្លិបព្រះខ័នរាជស្វាយរៀង យកជ័យជម្នះក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។ ក្នុងនាមជាដៃគូសហការរបស់ក្លិប ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមអបអរសាទរជ័យជម្នះដ៏រីករាយនេះ។

លើសពីនេះ ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមចែកជូនភេសជ្ជៈ វី-អាកទីវ ទាំង៥ ប្រភេទដោយ​ឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ជិត៣ម៉ឺននាក់ផងដែរ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី តែងតែបានចូលរួមឧបត្ថម្ភ និងលើកស្ទួយវិស័យ​កីឡា​នៅកម្ពុជា ​ក្នុង​នោះ​​មានដូចជាការឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបកីឡា ការប្រកួតលីគកម្ពុជា ព្រមទាំងចូលរួមគាំទ្រកម្មវិធីកីឡាជាច្រើនផ្សេងៗទៀត រួមទាំងកម្មវិធីកីឡាថ្នាក់បឋម ថ្នាក់ឧត្តមសិក្សា ព្រមទាំងកីឡាថ្នាក់ជាតិផងដែរ។