Skip to content
    ទំព័រដើម  »  កីឡាជាតិ

មន្ត្រីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបង្ហើបបំណងចម្បង ២ធំៗនៃការរៀបចំប្រកួត ៦សប្តាហ៍ម្តង

លោក សរ ចាន់ដារ៉ា មន្ត្រីបច្ចេកទេសប្រចាំសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងមកកាន់ AMS SPORTS ថាគោលបំណងសំខាន់ដែលសហព័ន្ធរៀបចំការប្រកួតសេះជាប្រចាំក្នុងរយៈពេល ៦សប្តាហ៍ម្តងគឺក្នុងន័យ វាស់ស្ទង់កម្រិតធនធានក្រុមកីឡាករជិះសេះរបស់សហព័ន្ធ និងក៏ជាចលនាផ្សព្វផ្សាយកីឡាសេះទៅដល់សារធារណជនស្គាល់កាន់តែទូលំទូលាយជាងនេះ។

លើសពីនេះ តាមការបញ្ជាក់របស់អតីតកីឡាករជិះសេះកម្ពុជារូបនេះ បានបន្ថែមទៀតថា រាល់ការប្រកួតម្តងៗគ្រប់កីឡាករទាំងអស់ដែលចូលរួមក្រុមមន្រ្តីបច្ចេកទេសរបស់សហព័ន្ធតែងតែអង្កេតរកកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់យកមកបង្វឹកបន្ថែមឱ្យក្លាយជាធនធានល្អសម្រាប់ពេលអនាគតផងដែរ។

ជាមួយគ្នាដែរ ជំនួយការគ្រូជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះដដែល ក៏បានបន្តទៀតថាសម្រាប់ការរៀបចំការប្រកួតលើកទី២នេះ ក៏ឃើញមានកំណើនកីឡាករ-កីឡាការិនីលើសពីការរៀបចំលើកទីមួយថែមទៀតដែរ។

សូមរំឭកថា នេះជាលើកទី២ ក្នុងឆ្នាំ២០២៤ ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំកម្មវិធីប្រកួតនេះឡើង។ ដោយមានពីរប្រភេទវិញ្ញាសារដាក់ឱ្យកីឡាករ-កីឡាការិនីប្រកួតប្រជែងគ្នាគឺវិញ្ញាសារ GYMKHANA និងវិញ្ញាសារ SHOW JUMPING កម្រិត ៣០, ៥០-៦០, ៧០-៨០ និង១០០-១១០សង់ទីម៉ែត្រ៕