សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសពីការចុះអនុសារណៈយោគយល់ជាមួយ M-150 ស្តីពី កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ នារសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ នាអាគារ the Kampus។
ឯកឧត្ដម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភថ្មីមួយនេះដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត។ ឯកឧត្ដចាត់ទុកថា នេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយឱ្យការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក។ នេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។
លោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនដែលជាដៃគូឧបត្ថម្ភខាងលើ មានប្រសាសន៍ថា ពិតជារីករាយណាស់បានចូលរួមជួយដល់ ដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត ដើម្បីចូលរួមចំណែកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលក្នុងការគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។ ទស្សនៈវិស័យរបស់ភាគីលោក គឺនៅតែបន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយឱ្យតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League លើកទី៧នេះនឹងចាប់ផ្តើមបើកជាផ្លូវការក្នុងខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែ កក្កដាឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម៕