លោក Koji Gyotoku គ្រូបង្គោលជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៦ឆ្នាំ ក្រោយពីបញ្ចប់ការតេស្តដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថាកីឡាករដែលចម្រាញ់មកទាមទារឱ្យពួកគេទាំងនោះអាចសម្របខ្លួន និងលេងបានគ្រប់ស្ថានភាពទាំងអស់។ បន្ថែមពីនេះគ្រូបង្គោលវ័យ ៥៩ឆ្នាំដដែលបន្តថា សមត្ថភាពកីឡាករ U16 ខុសពីការរំពឹងរបស់លោកបន្តិចបន្តួច តែយ៉ាងណាអតីតគ្រូជម្រើសជាតិនេប៉ាល់មើលឃើញថាកីឡាករដែលមកធ្វើតេស្តក្នុងឆ្នាំនេះមានសក្តានុពលជាងឆ្នាំកន្លងៗទៅ។
ជាមួយគ្នាដែរ ក្នុងឱកាសដឹកនាំក្រុមយុវជនអាយុក្រោម ១៦ឆ្នាំនេះ អ្វីដែលលោក Koji អាចរំពឹងសម្រាប់ពានរង្វាន់ ASEAN U16 Boys’ Championship 2024 គឺជាការវាស់ស្តង់សមត្ថភាពកីឡាកររបស់កម្ពុជាថានៅកម្រិតណា បើធៀបនិងក្រុមយុវជនឯទៀតក្នុងតំបន់ ដើម្បីងាយស្រួលក្នុងការកែកុន និងដុសខាតបន្ថែមនៅចំណុចដែលខ្វះខាត។
គួរឱ្យដឹងផងដែរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ធ្លាប់បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ ASEAN U16 Boys’ Championship 2024 ចំនួន១១ដងរួចមកហើយ។ ដោយកាលនោះឆ្លងផុតត្រឹមវគ្គចែកពូលនៅឆ្នាំ២០១៦ គ្រាកម្ពុជាស្ថិតនៅពូលAជាមួយក្រុមឡាវ ទីម័រ ប្រ៊ុយណេ និងថៃ ដោយប្រកួតឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ ឈរនៅចំណាត់លេខ២ក្នុងពូល រួចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង វៀតណាម ដោយលទ្ធផល១ទល់នឹង០ ហើយក៏បន្តចាញ់ថៃ ៣ទល់នឹង០ នៅវគ្គដណ្តើមមេដាយសំរឹទ្ធ៕