សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានប្រាប់ក្លិប Juventus ថា បើពួកគេនៅតែមិនដកខ្លួនពីផែនការ European Super League នោះ ពួកគេនឹងត្រូវបានបណ្ដេញចេញពីក្របខណ្ឌ Serie A។
Juventus រួមជាមួយ Barcelona និង Real Madrid ជាក្លិបសហស្ថាបនិក៣ដែលនៅតែមិនទាន់ដកខ្លួនចេញពីផែនការបង្កើត ESL នៅឡើយ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី Gabriele Gravina បាននិយាយតាម BBC ថា៖ «បើ Juventus មិនគោរពបទបញ្ញត្តិទេ ពួកគេនឹងត្រូវចេញ(ពីលីគអ៊ីតាលី)។ នៅពេលចុះឈ្មោះប្រកួតជើងឯក Serie A រដូវកាលក្រោយ ក្លិបនេះនឹងត្រូវបានដកចេញពីបញ្ជី ប្រសិនពួកគេសម្រេចចិត្តមិនដកខ្លួនពី Super League»។
ទាំង Juventus, Barca និង Real នៅតែបន្តប្ដេជ្ញាចិត្តចំពោះគម្រោងពាន Super League ហើយសប្ដាហ៍មុនពួកគេនៅតែនិយាយការពារការពាក់ព័ន្ធរបស់ពួកគេក្នុងពានផ្ដាច់ខ្លួនមួយនេះនៅចំពោះមុខអ្វីដែលពួកគេហៅថា«ការគំរាម»របស់ UEFA។
ប៉ុន្តែសម្ពាធកាន់តែរីកធំឡើងៗលើក្លិប Juventus ឱ្យដកខ្លួនចេញពីពានដែលរងការថ្កោលទោសយ៉ាងខ្លាំងមួយនេះ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបន្តថា៖ «ពួកយើងទាំងអស់គ្នានឿយហត់បន្តិចហើយចំពោះល្បែងទាញព្រ័ត្រមួយនេះរវាង UEFA និងក្លិបទាំង៣នេះ។ ខ្ញុំសង្ឃឹមថាជម្លោះនេះអាចត្រូវបានដោះស្រាយឆាប់ៗ។ ខ្ញុំសង្ឃឹមថាអាចសម្របសម្រួលរវាង Juventus និង UEFA បាន។ បើក្លិបណាមិនទទួលយកគោលការណ៍ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីនិងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបទេនោះ ពួកគេមិនអាចលេងក្នុងលីគរបស់យើងបានឡើយ។ វាមិនល្អទេសម្រាប់បាល់ទាត់អន្តរជាតិ សម្រាប់បាល់ទាត់អ៊ីតាលី និងសម្រាប់ Juventus។ ពួកយើងបាននិយាយរួចហើយថាសហព័ន្ធកីឡាបាល់ទាត់គោរពបទបញ្ញត្តិ»។
សូមរំឭកថា កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ ក្លិបចំនួន១២ បានប្រកាសបង្កើតពាន European Super League។ តែ៤៨ម៉ោងក្រោយមក ផែនការបានរលំរលាយទៅវិញ ដោយក្លិបអង់គ្លេសទាំង៦ រួមមាន Manchester United, Manchester City, Liverpool, Chelsea, Tottenham និង Arsenal បានដកខ្លួនចេញវិញ និងបន្តដកខ្លួនតាមដោយ AC Milan, Inter Milan និង Atletico Madrid។
ក្លិបទាំង៩ដែលបានដកខ្លួនពី ESL បានទទួលយកទណ្ឌកម្មហិរញ្ញវត្ថុពី UEFA ដោយពួកគេបានយល់ព្រមផ្ដល់វិភាគទានសុឆន្ទៈរួមសរុប១៥លានអឺរ៉ូដើម្បីជាប្រយោជន៍ដល់កុមារនិងបាល់ទាត់ថ្នាលនៅជុំវិញទ្វីបអឺរ៉ុប៕